ស៊ីរី ប្តេជ្ញាបង្កើតទំនាក់ទំនងបរទេស ជាវិជ្ជមាននៅទូទាំងតំបន់
ដាម៉ាស់៖ រដ្ឋមន្ត្រីការបរទេសបណ្តោះអាសន្ន របស់ប្រទេសស៊ីរីលោក Asaad Hassan al-Shibani បានគូសបញ្ជាក់ការប្តេជ្ញាចិត្ត របស់ប្រទេសរបស់លោក ក្នុងការបង្កើតទំនាក់ទំនងបរទេស ជាវិជ្ជមាននៅទូទាំងតំបន់។ នៅក្នុងការបង្ហោះជាបន្តបន្ទាប់ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក al-Shibani បានសង្កត់ធ្ងន់ថា រដ្ឋបាលថ្មីរបស់ប្រទេសស៊ីរី នឹងទទួលយកគោលនយោបាយបរទេស ដែលខុសគ្នាគួរឱ្យកត់សម្គាល់ពី ការអនុវត្តដោយរដ្ឋាភិបាលមុន។
លោក Al-Shibani បានពន្យល់ថា បញ្ហាយុទ្ធសាស្ត្រសំខាន់ៗត្រូវបានពិភាក្សា ហើយផែនទីបង្ហាញផ្លូវសម្រាប់ការកសាងប្រទេសស៊ីរីឡើងវិញ និងការផ្តល់អំណាចដល់ពលរដ្ឋត្រូវបានបង្ហាញក្នុងអំឡុងកិច្ចពិភាក្សា ក្នុងនោះលោកបានឲ្យដឹងថា “យើងស្វែងរកការបង្កើតរដ្ឋាភិបាលស៊ីរី តំណាងឲ្យគ្រប់ផ្នែកនៃសង្គម”។
នៅក្នុងនោះដែរលោកបានសរសើរ “តួនាទីដ៏លេចធ្លោ” របស់កាតា ក្នុងការគាំទ្រប្រជាជនស៊ីរី ចំពេលមានចលាចលនាពេលថ្មីៗនេះ និងក្នុងដំណាក់កាលបច្ចុប្បន្ននៃ ការកសាងឡើងវិញរបស់ប្រទេសស៊ីរី ដោយពណ៌នាបណ្ដាប្រទេសឈូងសមុទ្រថាជា “ដៃគូយុទ្ធសាស្ត្រ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោក Al-Shibani ក៏បានគូសបញ្ជាក់អំពី បំណងប្រាថ្នារបស់ទីក្រុងដាម៉ាស់ ក្នុងការ “កែសម្រួលទំនាក់ទំនងជាមួយសហគមន៍អារ៉ាប់ និងសហគមន៍អន្តរជាតិ” ដោយទុកចោលនូវអ្វីដែលលោកហៅថា “វិធីសាស្រ្តរបស់របបចាស់” ហើយបានសង្កត់ធ្ងន់ថា ប្រទេសស៊ីរីមានគោលបំណងសម្រាប់ “ទំនាក់ទំនងសន្តិភាព និងកិច្ចសហប្រតិបត្តិការ ដែលជំរុញគោលការណ៍យុត្តិធម៌ សេរីភាព និងសមភាព” សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ៕