ស្វែងយល់ពីលក្ខខណ្ឌអាហារ ថវិកា និងទ្រព្យសម្បត្តិរបស់អ្នកជាប់ឃុំ
ភ្នំពេញ៖ ជនជាប់ឃុំ សំដៅដល់ជនត្រូវចោទឬជនជាប់ចោទ ឬពិរុទ្ធជន ឬទណ្ឌិតដែលត្រូវបានបញ្ជូនមកឃុំខ្លួននៅក្នុងពន្ធនាគារតាមលិខិតឃុំខ្លួនចេញដោយអាជ្ញាធរតុលាការ។ នេះបើតាមមាត្រា៤ នៃច្បាប់ស្ដីពី ពន្ធនាគារ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១។ ក្នុងចំណោមមាត្រាជាច្រើន ច្បាប់នេះក៏បានចែងពាក់ព័ន្ធនឹងអាហារ និងលក្ខខណ្ឌនៃការប្រើប្រាស់ថវិកាផងដែរ។
មាត្រា៣៣ នៃច្បាប់ស្ដីពីពន្ធនាគារចែងថា ជនជាប់ឃុំ ត្រូវបានទទួលរបបជីវភាពដែលកំណត់ដោយអនុក្រឹត្យ។ មាត្រា៣៤ ចែងថា ការផ្តល់អាហារសម្រាប់ជនជាប់ឃុំ ត្រូវយកចិត្តដាក់គិតគូរអំពីអាហារតមស្របតាមតម្រូវការខាងសុខភាព ដែលបញ្ជាក់ពីមន្រ្តីពេទ្យពន្ធនាគារ ឬស្របតាមតម្រូវការខាងសាសនារបស់ជនជាប់ឃុំ។ ជនជាប់ឃុំ អាចទទួល ឬទិញអាហារដោយថវិកាផ្ទាល់ខ្លួនពីប្រភពខាងក្រៅបាន ដោយអាហារទាំងនេះត្រូវបានត្រួតពិនិត្យពីមន្រ្តីពន្ធនាគារ។
ផ្អែកតាមមាត្រា៣៥ ជនជាប់ឃុំ អាចត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ដើម្បីទិញសម្ភារប្រើប្រាស់ ឬទទួលសម្ភារៈប្រើប្រាស់ពីគ្រួសារ ញ្ញាតិមិត្ត ឬពីប្រភពផ្សេងទៀត ប្រសិនបើមានការយល់ព្រមនឹងការត្រួតពិនិត្យពីប្រធានពន្ធនាគារ។ ជនជាប់ឃុំ មិនត្រូវបានអនុញ្ញាតឱ្យទិញ ឬផ្ដល់ ឬឱ្យខ្ចី ឬលក់សម្ភារៈទៅឱ្យជនជាប់ឃុំផ្សេងទៀតបានឡើយ។
ចំណែកថវិកា និងទ្រព្យសម្បត្តិអ្នកជាប់ឃុំវិញ ច្បាប់ដដែលចែងថា ថវិកា ឬទ្រព្យសម្បត្តិមានតម្លៃរបស់ជនជាប់ឃុំ ត្រូវបានដកហូត កត់ត្រាត្រឹមត្រូវក្នុងសៀវភៅបញ្ជី និងរក្សាទុកក្នុងគណនីពន្ធនាគារ ឬត្រូវប្រគល់ជូនក្រុមគ្រួសារ ញ្ញាតិមិត្ត រក្សាទុក ប្រសិនបើមានការយល់ព្រមពីជនជាប់ឃុំ ដោយត្រូវមានហត្ថលេខា ឬស្នាមម្រាមដៃរបស់ជនជាប់ឃុំ។
មាត្រា៣៦ នៃច្បាប់ដដែល ចែងទៀតថា ក្នុងករណីចាំបាច់ និងមានការយល់ព្រមពីប្រធានពន្ធនាគារ ជនជាប់ឃុំអាចប្រើប្រាស់ថវិកាបញ្ញើរបស់ខ្លួនបាន។ ថវិកា និងទ្រព្យសម្បត្តិមានតម្លៃរបស់ជនជាប់ឃុំដែលពន្ធនាគារទទួលខុសត្រូវរក្សាទុកប្រគល់ជូនជនជាប់ឃុំវិញ នៅពេលដោះលែង។ ជនជាប់ឃុំអាចរក្សាទុកឱសថជាកម្មសិទ្ធិផ្ទាល់ខ្លួនបាន ក្នុងករណីមានការយល់ព្រមពីមន្ត្រីពេទ្យពន្ធនាគារ។
ជុំវិញព័ត៌មាននេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានមានប្រសាសន៍ងថា ក្រសួងមហាផ្ទៃដែលមានអគ្គនាយកដ្ឋានពន្ធនាគារជាសេនាធិការ តែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបញ្ញាត្តិដែលមានក្នុងច្បាប់ស្ដីពីការគ្រប់គ្រងពន្ធនាគារ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ជាពិសេសអគ្គនាយដ្ឋានពន្ធនាគារ តែងតែទទួលយកអនុសាសន៍ដឹកនាំ ចង្អុលបង្ហាញជាប្រចាំពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីឱ្យការងារពន្ធនាគារ កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ រួមទាំងការលើកកម្ពស់សិទ្ធិអ្នកជាប់ឃុំទាំងអស់។
លោកបណ្ឌិត បានបម្ថែមទៀតថា «មន្ត្រីក្នុងពន្ធនាគារទាំងអស់ក៏តែងតែគោរពតាមស្មារតីច្បាប់ គោរពតាមគោលការណ៍ណែនាំ បទបញ្ជាផ្ទៃក្នុង ពេលខ្លះយើងឃើញថាមានអ្នកនយោបាយមួយចំនួនតែងតែឆ្កឹះឆ្កៀល យករឿងនេះរឿងនោះដែលមិនមែនជាការពិត មកធ្វើជារបៀបវារៈនយោបាយ ធ្វើឱ្យមានការភ័ន្តច្រឡំមកដល់ការគ្រប់គ្រងពន្ធនាគារ ដើម្បីចំណេញទិសដៅនយោបាយរបស់ខ្លួននាំឱ្យមហាជនមានការគិតខុស»។
លោកបណ្ឌិតបានសំណូមពរឱ្យមហាជនទាំងអស់មុននឹងជឿជាក់ សម្រេចចិត្តតាមមាតិកា តាមប្រធានបទរបស់ក្រុមអ្នកនយោបាយ ក្រុមអ្នកវិភាគដើម្បីស្វែងរកផលចំណេញផ្ទាល់ខ្លួនរបស់ក្រុមនោះ សូមមេត្តាផ្ទៀងផ្ទាត់ព័ត៌មានជាមុនសិន។ លោកបន្តថា មន្រ្តីពន្ធនាគារទាំងអស់តែងតែយកចិត្តទុកដាក់លើការងារស្នូលទាំងអស់ មិនថារឿងរបបអាហារ ការប្រើប្រាស់សម្ភារ ការប្រើប្រាស់ថវិកាផ្ទាល់ខ្លួន និងការរក្សាទុកនូវទ្រព្យសម្បត្តិ សម្ភារប្រើប្រាស់ផ្សេងៗរបស់អ្នកជាប់ឃុំ។
សូមបញ្ជាក់ថាពន្ធនាគារ សំដៅដល់កន្លែងប្រើប្រាស់សម្រាប់ឃុំឃាំងជនជាប់ឃុំតាមលិខិតឃុំខ្លួនចេញដោយអាជ្ញាធរតុលាការ រួមមានមណ្ឌលឃុំខ្លួន និងមណ្ឌលអប់រំកែប្រែ។ គោលដៅជាសារវ័ន្តនៃការគ្រប់គ្រងអ្នកជាប់ឃុំ គឺការអប់រំកែប្រែ និងស្ដារនីតិសម្បទារបស់ជនជាប់ឃុំ ដែលជាស្នូលនៃក្របខ័ណ្ឌគោលនយោបាយកំណែទម្រង់ពន្ធនាគារ៕