នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ផ្ដល់អនុសាសន៍ ៦ចំណុច ដើម្បីរួមចំណែកក្នុងស្មារតី និងឆន្ទៈមុះមុតលើការងារតម្រង់ទិសពាក់ព័ន្ធកិច្ចការងារបច្ចេកវិទ្យាឌីជីថល
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ចំនួន ៦ចំណុច ដើម្បីរួមចំណែកក្នុងស្មារតី និងឆន្ទៈមុះមុតលើការងារតម្រង់ទិសពាក់ព័ន្ធកិច្ចការងារបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។
ការលើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ពិធីនេះប្រារព្ធធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។
ដើម្បីរួមចំណែកក្នុងស្មារតី និងឆន្ទៈមុះមុតលើការងារតម្រង់ទិសពាក់ព័ន្ធកិច្ចការងារបច្ចេកវិទ្យា ឌីជីថល និងផ្សព្វផ្សាយអប់រំ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ផ្តល់ជាអនុសាសន៍ ដូចខាងក្រោម៖
ទី១៖ ត្រូវបន្តពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការការពារសុវត្ថិភាពបច្ចេកវិទ្យា ឌីជីថល។
ទី២៖ បន្តលើកកម្ពស់ការស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យាឌីជីថលបម្រើដល់ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងរដ្ឋបាលទូទៅ។
ទី៣៖ បន្តលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព ការផ្សព្វផ្សាយអប់រំ ការបញ្ជាបចំណេះដឹង ក្នុងនោះត្រូវរៀបចំវគ្គបណ្តុះបណ្តាលមូលធនមនុស្សឌីជីថល ដើម្បីឈានទៅដល់ការ លុបបំបាត់អក្ខរកម្មឌីជីថល ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។
ទី៤៖ បន្តធ្វើវាចារណកម្មមុខងារ រចនាសម្ព័ន្ធស្ថាប័ន របៀបរបបធ្វើការងារ និងទំនើបកម្មស្ថាប័ន។
ទី៥៖ បង្កបរិយាកាសការងារក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល ឱ្យសមស្រប និងទាន់សម័យកាល។
ទី៦៖ បន្តពង្រឹងប្រសិទ្ធភាពនៃការរៀបចំ និងការគ្រប់គ្រងផែនការសកម្មភាព ហិរញ្ញវត្ថុ និង ទ្រព្យសម្បត្តិរដ្ឋ ពាក់ព័ន្ធនឹងសម្ភារបច្ចេកទេស។
ជាថ្មីម្តងទៀត ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិគ្រប់ជាន់ថ្នាក់នៃ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ ដែលបានខិតខំពុះពារប្រឹងប្រែងសម្រេចបានសមិទ្ធផលនានា ជាច្រើន ក្នុងឆ្នាំ២០២៤ នេះ។
ឯកឧត្តម សង្ឃឹម និងជឿជាក់ថា អគ្គនាយកដ្ឋាន នឹងបន្តពង្រឹងការប្តេជ្ញាចិត្តពុះពារអនុវត្តឱ្យបានសម្រេច នូវទិសដៅឆ្នាំ២០២៥បន្តទៀត៕