កម្ពុជា-ឥណ្ឌូណេស៊ី ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
ក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃមិត្តភាពយូរអង្វែងរវាងកម្ពុជា និងឥណ្ឌូណេស៊ី ព្រមទាំងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីដែលល្អប្រសើរស្រាប់ និងកិច្ចសហប្រតិបត្តិការពហុវិស័យឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត៕