មន្ត្រីជាន់ខ្ពស់មហាផ្ទៃ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា តាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ក្នុងការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា តាមប្រព័ន្ធបច្ចេកវិទ្យា សំដៅធានាបានសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។
នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានកត់សម្គាល់លើចំណុចមួយពាក់ព័ន្ធនឹងការតាមដានព័ត៌មាន និងមតិមហាជនដែល អគ្គនាយកដ្ឋាន បានតាមដានយ៉ាងជិតដល់លើបណ្តាញសារព័ត៌មាននានា អំពីមតិមហាជនពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ គោរពរាយការណ៍ជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីដោះស្រាយរាល់សំណើ/ សំណូមពរ និងបណ្តឹងផ្សេងៗជូនប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ បន្ដថា យន្តការនេះ គឺពិតជាមានសារសំខាន់ណាស់ដែលថ្នាក់ ដឹកនាំក្រសួងបានសង្កត់ធ្ងន់ និងបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងត្រូវធ្វើយ៉ាងណាដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាព។
នាយឧត្តមសេនីយ៍ បន្ថែមថា ក្រៅពីសមិទ្ធផលទាំងនេះ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា អគ្គនាយកដ្ឋាន ក៏មានស្នាដៃធំក្នុងការចូលរួមស្រាវជ្រាវរកឃើញបទល្មើសផ្សេងៗតាមបណ្តាញសង្គម ដូចជា៖ ឧក្រិដ្ឋកម្ម បច្ចេកវិទ្យា ឧបទ្ទវហេតុសាយប័រ បទល្មើសកម្ចីនិងល្បែងអនឡាញ និងបានសហការជាមួយអាជ្ញាធរ ពាក់ព័ន្ធស្ថាប័នតុលាការ ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសផ្សេងៗជាច្រើនទៀត។
នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ មានប្រសាសន៍ថា «ពាក់ព័ន្ធការងារនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅធានាបានសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជាតិ»៕