រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី៖ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ
ដាម៉ាស៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសស៊ីរី បានប្រកាសនៅថ្ងៃអាទិត្យទី៥មករាថា រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ បន្ទាប់ពីបានបញ្ចប់ការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលឡើងវិញ ដើម្បីបង្កើនប្រសិទ្ធភាព និងគណនេយ្យភាព។
ការដំឡើងប្រាក់ខែនេះ ត្រូវបានប៉ាន់ប្រមាណថានឹងចំណាយអស់១,៦៥ពាន់ពាន់លានផោនស៊ីរី ឬប្រហែល១២៧លានដុល្លារអាម៉េរិក នឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយធនធានរដ្ឋដែលមានស្រាប់ បូករួមទាំងការរួមបញ្ចូលជំនួយក្នុងតំបន់ ការវិនិយោគថ្មី និងការខិតខំប្រឹងប្រែងក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិបង្កក ដែលមាននៅក្រៅប្រទេស។
លោក ម៉ូហាម៉េដ អាបាហ្សេត (Mohammed Abazeed) រដ្ឋមន្ត្រីហិរញ្ញវត្ថុក្នុងរដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសស៊ីរី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា៖«នេះគឺជាជំហានដំបូងឆ្ពោះទៅរកដំណោះស្រាយសង្គ្រោះបន្ទាន់ចំពោះសេដ្ឋកិច្ចនៅក្នុងប្រទេស»។
លោកបន្ថែមថា ប្រាក់ឈ្នួលប្រចាំខែសម្រាប់បុគ្គលិកផ្នែកសាធារណៈ នឹងត្រូវបើកក្នុងសប្តាហ៍នេះ។ វិធានការទាំងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយដោយរដ្ឋាភិបាលចាំផ្ទះថ្មីរបស់ប្រទេសស៊ីរី ដើម្បីធ្វើឱ្យមានស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេស បន្ទាប់ពីជម្លោះ និងការដាក់ទណ្ឌកម្មអស់រយៈពេល១៣ឆ្នាំ។
លោក អាបាហ្សេត បាននិយាយថា ប្រាក់ខែរបស់បុគ្គលិកផ្នែកសាធារណៈរបស់ប្រទេសស៊ីរីក្រោមការផ្តួលរំលំរបបប្រធានាធិបតី បាស្ហា អាលអាសាធ គឺប្រហែល២៥ដុល្លារក្នុងមួយខែ ដោយធ្វើឱ្យពួកគេស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រ។
ការដំឡើងប្រាក់ឈ្នួលនេះ នឹងអនុវត្តតាមការវាយតម្លៃ ដ៏ទូលំទូលាយនៃបុគ្គលិកផ្នែកសាធារណៈដែលបានចុះឈ្មោះរហូតដល់១,៣លាននាក់។ រតនាគាររដ្ឋរបស់ប្រទេសស៊ីរីកំពុងប្រឈមមុខនឹងបញ្ហាសាច់ប្រាក់ ដែលកើតចេញពីសង្រ្គាម។ លុយភាគច្រើនមាននៅក្នុងធនាគារកណ្តាល គឺជារូបិយបណ្ណស៊ីរី ដែលបានបាត់បង់តម្លៃរបស់វា។
លោករដ្ឋមន្ត្រី អាបាហ្សេត បានឱ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលថ្មីត្រូវបានសន្យាផ្តល់ជំនួយពីបណ្តាប្រទេសក្នុងតំបន់ និងអារ៉ាប់។ លោកបន្តថា៖«ការចាប់ផ្តើមនៃការវិនិយោគនៅក្នុងប្រទេសនាពេលខាងមុខនេះ ក៏នឹងផ្តល់អត្ថប្រយោជន៍ដល់រតនាគាររដ្ឋ និងអនុញ្ញាតឱ្យយើងផ្តល់ហិរញ្ញប្បទានដល់ការដំឡើងប្រាក់បៀវត្សរ៍នេះ»។
លោកបន្ថែមថា បច្ចុប្បន្នធនាគារកណ្តាលមានមូលនិធិគ្រប់គ្រាន់សម្រាប់ផ្តល់ហិរញ្ញប្បទានក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ រដ្ឋាភិបាលរំពឹងថា នឹងទាញយកទ្រព្យសម្បត្តិស៊ីរីដែលជាប់គាំងរហូតដល់៤០០លានដុល្លារនៅបរទេស អាចសហការផ្តល់ហិរញ្ញប្បទានដល់ការចំណាយដំបូងរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសស៊ីរីក៏កំពុងពិភាក្សាអំពីការលើកលែងអ្នកជាប់ពន្ធឱ្យបានច្រើនតាមតែអាចធ្វើទៅបានពីការពិន័យ និងការប្រាក់ ហើយកំពុងធ្វើការលើការជួសជុលប្រព័ន្ធពន្ធក្នុងរយៈពេលបីខែខាងមុខ ដើម្បីសម្រេចបាននូវយុត្តិធម៌ពន្ធសម្រាប់អ្នកជាប់ពន្ធទាំងអស់ ដោយសេចក្តីព្រាងដំបូងដែលរំពឹងទុកក្នុងរយៈពេល៤ខែ៕