សម្តេចតេជោ៖ សូមប្រទេសលោកខាងលិចរៀនសូត្រអំពីកំហុសប្រវត្តិសាស្ត្រ ២លើក ដែលបានប្រព្រឹត្តមកលើកម្ពុជា ដើម្បីចៀសវាងកុំឱ្យកើតមានកំហុសជាលើកទី៣ទៀត
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបលើក៤៦ នៃទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ នៅកោះពេជ្រ រាជធានីភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានរំឭកជាថ្មីថា សូមឱ្យបណ្ដាប្រទេសលោកខាងលិច រៀនសូត្រអំពីកំហុសប្រវត្តិសាស្ត្រចំនួន២លើក ដែលបានប្រព្រឹត្តិមកលើកម្ពុជា ដើម្បីចៀសវាងកុំឱ្យកើតមានកំហុសជាលើកទី៣ទៀត។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន កំហុសទាំង២លើកនោះមានដូចជា៖ កំហុសលើកទី១ គឺការគាំទ្ររដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ និងកំហុសលើកទី២ គឺការផ្ដល់សិទ្ធិឱ្យពួកប្រល័យពូជសាសន៍កាន់កាប់អាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិរយៈពេល១២ឆ្នាំ ចាប់ពីឆ្នាំ១៩៧៩ ហើយដាក់ទណ្ឌកម្មសេដ្ឋកិច្ច នយោបាយ ការទូត យ៉ាងអយុត្តិធម៌ ប្រឆាំងនឹងអ្នកបានរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ ដោយធ្វើមិនដឹងមិនឮចំពោះទុក្ខលំបាក និងបំណងប្រាថ្នាពិតរបស់ប្រជាជនកម្ពុជា។
សម្ដេចតេជោ បានបន្តទៀតថា៖ «ក្នុងឱកាសនេះខ្ញុំសូមរំឭកជាថ្មីជាថ្មីទៀតថា សូមបណ្ដាប្រទេសរៀនសូត្រអំពីកំហុសពីរលើក ដែលប្រទេសមួយចំនួនបានប្រព្រឹត្តិមកលើកម្ពុជា ដើម្បីជៀសវាងកុំឱ្យមានកំហុសជាលើកទី៣ម្ដងទៀត កំហុសលើកទី១ គឺការគាំទ្ររដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ និងកំហុសលើកទី២ គឺការផ្ដល់សិទ្ធិឱ្យពួកប្រល័យពូជសាសន៍កាន់កាប់អាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិរយៈពេល១២ឆ្នាំ ចាប់ពីឆ្នាំ១៩៧៩ ហើយដាក់ទណ្ឌកម្មសេដ្ឋកិច្ច នយោបាយ ការទូត យ៉ាងអយុត្តិធម៌ ប្រឆាំងនឹងអ្នកបានរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ ដោយធ្វើមិនដឹងមិនឮចំពោះទុក្ខលំបាក និងបំណងប្រាថ្នាពិតរបស់ប្រជាជនកម្ពុជា។ យើងសង្ឃឹមថា អធិបតេយ្យជាតិ សិទ្ធិស្វ័យសម្រេច និងបំណងប្រាថ្នាដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជានឹងត្រូវបានគោរព» ៕