សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្តូរ របស់ព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងមីទ្ទិញអបអរសាទរខួបលើក៤៦ នៃទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់ថា «គ្មានអ្វីត្រូវស្រពេច ស្រពិលទេ គឺគណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្តូរ របស់ព្រះរាជាណាចក្រកម្ពុជា» ។
សម្ដេចតេជោ បានមានប្រសាសន៍ថា រយៈពេល ២៦ឆ្នាំ កន្លងទៅនេះ នៅក្រោមម្លប់នៃសុខសន្តិភាព បានអនុញ្ញាតឱ្យយើងប្រមូលផ្តុំកម្លាំង ជាតិ ធនធាន និងលទ្ធភាពគ្រប់យ៉ាង ដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យដោយល្បឿនលឿន នាំមកនូវ ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដែលស្ទើរតែពុំនឹកស្មានដល់។
សម្ដេចបន្ថែមថា កម្ពុជាពីមុនធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាម រ៉ាំរ៉ៃ ជាវាលពិឃាត ជាតំបន់អសន្តិសុខ និងពោរពេញដោយគ្រាប់មីន និងគ្រាប់មិនផ្ទុះ បានក្លាយជារដ្ឋ អធិបតេយ្យ និងឯករាជ្យដែលមានសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយរឹងមាំ និងនីតិរដ្ឋ ស្រប តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។ កម្ពុជាដែលចេញដំណើរពីលេខសូន្យ បាន សម្រេចសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធ្វើឱ្យភាពក្រីក្ររបស់ ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់មកក្រោម ១០% មុនពេលមានវិបត្តិជំងឺកូវីដ-១៩។
សម្ដេចតេជោប្រធានគណបក្ស បានគូសបញ្ជាក់ថា កម្ពុជាពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលរដ្ឋធ្ងន់ធ្ងរ ហើយពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានហិរញ្ញប្បទាន ទៅ ជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រងថវិកាជាតិបានដោយភាពម្ចាស់ការ ថែមទាំងមានទុនបម្រុងដើម្បីធានា ស្ថិរភាពសេដ្ឋកិច្ច និងលំនឹងជីវភាពរបស់ប្រជាជន ព្រមទាំងទប់ទល់វិបត្តិ និងគ្រោះមហន្តរាយផ្សេងៗ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងសង្កលត់ធ្ងន់ថា «កម្ពុជា ដែលធ្លាប់ត្រូវគេហ៊ុមព័ទ្ធ ដាក់ទណ្ឌកម្ម និងឯកោយ៉ាងអយុត្តិធម៌នោះ បានធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ នៅក្នុងតំបន់ និងពិភពលោក និងបានក្លាយជាប្រទេសដែលអាចបញ្ជូនកងកម្លាំងរបស់ខ្លួនទៅចូលរួមក្នុង បេសកកម្មរក្សាសន្តិភាពនៅប្រទេសជាច្រើន។ ពីតថភាពទាំងអស់នេះ ខ្ញុំសូមគូសបញ្ជាក់ថា គ្មានអ្វីត្រូវស្រពេច ស្រពិលទេ គឺគណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្តូរ របស់ព្រះរាជាណាចក្រកម្ពុជា» ៕