អាជ្ញាធរមីយ៉ាន់ម៉ា រឹបអូសថ្នាំញៀនប្រភេទហេរ៉ូអ៊ីនចំនួន ៩១គីឡូក្រាម នៅភាគខាងកើតប្រទេស
រ៉ងហ្គូន៖ អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសថ្នាំញៀនប្រភេទហេរ៉ូអ៊ីនចំនួន ៩១គីឡូក្រាម នៅរដ្ឋ Shan ភាគខាងកើតនៃប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមសារព័ត៌មានរដ្ឋ Myanma Alinn ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ដោយអនុវត្តតាមការណែនាំ ប៉ូលិសប្រឆាំងគ្រឿងញៀនបានឆែកឆេររថយន្តចំនួន ១គ្រឿងនៅសង្កាត់ Kengtung ក្នុងរដ្ឋ Shan កាលពីថ្ងៃទី១ ខែមករា ហើយដកហូតបានសារធាតុញៀន។
សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រឿងញៀនដែលរឹបអូសបានមានតម្លៃ ១.៣៦៥ពាន់លាន kyat ស្មើនឹងប្រហែល ៦៥០.០០០ដុល្លារសហរដ្ឋអាមេរិក ហើយជនសង្ស័យចំនួន០២នាក់ត្រូវបានចាប់ខ្លួនសម្រាប់ករណីនេះផងដែរ។
ផ្អែកតាមការស៊ើបអង្កេត គ្រឿងញៀនទាំងនោះ ត្រូវបានដឹកចេញពីក្រុង Kunhing ឆ្ពោះទៅកាន់ក្រុង Tachileik នៅរដ្ឋ Shan ។ជនសង្ស័យត្រូវបានចោទប្រកាន់ក្រោមច្បាប់របស់ប្រទេសមីយ៉ាន់ម៉ាហើយការស៊ើបអង្កេតបន្ថែមកំពុងបន្តធ្វើឡើង៕