ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ
បរទេស៖ ប្រេស៊ីល ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានប្តូរវេនរបស់ក្រុមនេះបានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ដោយប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ដោយមានអាហ្រ្វិកខាងត្បូងចូលរួមពីរឆ្នាំក្រោយមក។ ទោះបីជាក្រុមនេះត្រូវបានគេមើលឃើញពីដំបូងថា ជាវេទិកាសម្រាប់ការវិនិយោគទៅវិញទៅមក និងធានាស្ថិរភាពហិរញ្ញវត្ថុក៏ដោយ ក្រោយមកវាបានវិវត្តទៅជាវេទិកាមួយដែលមានរបៀបវារៈទូលំទូលាយ រួមទាំងបញ្ហាសន្តិសុខផងដែរ។
បេក្ខភាពរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានគាំទ្រដោយមេដឹកនាំ BRICS នៅឆ្នាំ២០២៣ ប៉ុន្តែប្រទេសដែលមានប្រជាជនច្រើនជាងគេទីបួនរបស់ពិភពលោកដែលមានជាង២៧០ លាននាក់បានជ្រើសរើសចូលរួមក្នុងក្រុមនេះ បន្ទាប់ពីការបង្កើតរដ្ឋាភិបាលថ្មីរបស់ខ្លួនកាលពីឆ្នាំមុន។
រដ្ឋាភិបាលប្រេស៊ីលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសឥណ្ឌូនេស៊ីចែករំលែកជាមួយសមាជិកផ្សេងទៀតនៃក្រុមគាំទ្រសម្រាប់កំណែទម្រង់នៃស្ថាប័នអភិបាលកិច្ចសកល ហើយរួមចំណែកជាវិជ្ជមានដល់ការធ្វើឱ្យស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការនៅក្នុងពិភពលោកខាងត្បូង។