ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយសុខដុមរមនីយកម្ម
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មាការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃរដ្នសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពត បានជួបសំណេះសំណាលជាមួយព្រះសង្ឃយាយជីតាជី និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តឧត្តមមានជ័យ (ហៅវត្តដំណាក់ត្រាច) លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកពីសាលាបឋមសិក្សា និងមត្តេយ្យសិក្សាឧត្តមមានជ័យ ស្ថិតនៅឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពតជាង៩០០នាក់។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម តាក់ ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភារដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ និងមន្ទីរអង្គភាពជុំវិញខេត្ត។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចប្រធានព្រឹទ្ធសភា សម្ដេចប្រធានរដ្ឋសភា ប្រគេន និងជូនចំពោះព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទទាំងអស់ផងដែរ។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍លើកឡើងថា វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន ដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ជាក់ស្តែងកាលពីសម័យសង្គ្រាមពិសេសនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជំនឿសាសនាត្រូវលុបបំបាត់ វត្តអារាម ត្រូវបានបំផ្លាញ។ ប្រជាពុទ្ធបរិស័ទនិងអ្នកមានជំនឿលើសាសនាដទៃទៀត មិនមានឱកាសជុំគ្នាធ្វើបុណ្យទាន ឬប្រារព្ធកម្មវិធីសាសនាបានដូចសព្វថ្ងៃនេះឡើយ។
ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានបញ្ជាក់ថាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានផ្តល់ជីវិតទី២ជូនពលរដ្ឋ ហើយសិទ្ធិសេរីភាព និងជំនឿសាសនា បានប្រគល់ជូនពលរដ្ឋ។ ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងបានកំពុងបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយសុខដុមរមនីយកម្មសាសនា។
ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ព្រះពុទ្ធសាសនាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអប់រំ ពង្រឹងចំណេះដឹង គុណធម៌ សីលធម៌សង្គម កសាងធនធានមនុស្ស ក្លាយជាថ្នាក់ដឹកនាំប្រកបដោយទសពិធរាជធម៌ បានរួមចំណែកនៅក្នុងការកសាង អភិវឌ្ឍន៍ប្រទេសជាតិមានការីកចម្រើន ស្មើមុខស្មើមាត់ជាមួយនឹងប្រទេសជិតខាង និងប្រទេសជុំវិញពិភពលោក។
សូមបញ្ជាក់ថា វត្តឧត្តមមានជ័យ (ហៅវត្តដំណាក់ត្រាច) បានសាងសង់ព្រះវិហារថ្មី ដែលបានចំណាយថវិកាអស់ជាង ២០០,០០០ដុល្លាអាមេរិក គ្រោងប្រារព្ធធ្វើពិធីបញ្ចុះខ័ណ្ឌសីមាក្នុងពេលឆាប់ៗនេះ ផងដែរ ៕