លោក ត្រាំ ប្រកាសថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែនឡើយ
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃអង្គារទី៧ ខែមករា បានប្រកាសក្តែងៗថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែនឡើយ ខណៈដែលលោកអះអាងថាការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើទីតាំងទាំងពីរមានសារសំខាន់ចំពោះសន្តិសុខជាតិរបស់អាម៉េរិក។
នៅ សល់ ពីរ សប្តាហ៍ ទៀត ពី ការ ចូល កាន់ តំណែង លោក ត្រាំ បាន ចាប់ ផ្តើម គូស បញ្ជាក់ ពី គោល នយោបាយ ការ បរទេស ដ៏ គឃ្លើន ដោយ មិនសូវខ្វាយខ្វល់ ចំពោះ ការ ពិចារណា ផ្នែក ការទូត ឬ ក្ដី កង្វល់ របស់ សម្ព័ន្ធមិត្ត អាម៉េរិក។
នៅពេលសួរនៅក្នុងសន្និសីទសារព័ត៌មាននៅឯរមណីយដ្ឋានរបស់គាត់នៅរដ្ឋផ្លរីដាថាតើគាត់អាចធានាចំពោះពិភពលោកថាគាត់នឹងមិនប្រើការបង្ខិតបង្ខំផ្នែកយោធា ឬសេដ្ឋកិច្ច នៅពេលដែលគាត់ព្យាយាមគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែននោះ? លោក ត្រាំ បានឆ្លើយថា៖«ទេ ខ្ញុំមិនអាចធានាអ្នកបានទេ ប៉ុន្តែខ្ញុំអាចនិយាយបានថា យើងត្រូវការវាសម្រាប់សន្តិសុខសេដ្ឋកិច្ច»។
បុរសមាត់ឆៅរូបនេះ បាន ស្នើ ថា លោក នឹង ដាក់ ពន្ធ លើ ប្រទេស ដាណឺម៉ាក ប្រសិន បើ ប្រទេស នេះ ប្រឆាំង នឹង ការ ផ្តល់ ជូន របស់ លោក ក្នុង ការ ទិញតំបន់ហ្គ្រីនលែន ដែល លោក បាន និយាយ ថា មាន សារសំខាន់ ចំពោះ សន្តិសុខ ជាតិ របស់ សហរដ្ឋ អាម៉េរិក។ មិនយូរប៉ុន្មានមុនពេលការអត្ថាធិប្បាយរបស់លោក ត្រាំ កូនប្រុសរបស់គាត់ឈ្មោះ ដូណាល់ ជូនៀ បានទៅដល់តំបន់ហ្គ្រីនលែនសម្រាប់ដំណើរទស្សនកិច្ចឯកជនមួយ។ យ៉ាងណាមិញ ដាណឺម៉ាកអះអាងដដែលៗថា តំបន់ហ្គ្រីនលែន ដែលជាផ្នែកគ្រប់គ្រងដោយខ្លួនឯងនៃព្រះរាជាណាចក្ររបស់ខ្លួនគឺមិនមែនសម្រាប់លក់ទេ។
នាយករដ្ឋមន្ត្រីនៃប្រទេសដាណឺម៉ាក លោកស្រី ម៉េត ហ្វ្រេឌីរីចសិន (Mette Frederiksen) បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា៖«ខ្ញុំមិនគិតថា វាជាមធ្យោបាយដ៏ល្អមួយឆ្ពោះទៅមុខក្នុងការប្រយុទ្ធគ្នាជាមួយនឹងមធ្យោបាយហិរញ្ញវត្ថុ នៅពេលដែលយើងជាសម្ព័ន្ធមិត្ត និងដៃគូជិតស្និទ្ធ»។
អ្នកការទូតកំពូលរបស់ប៉ាណាម៉ាក៏បានតតាំងប្រឆាំងនឹងការគំរាមកំហែងរបស់មេដឹកនាំអាម៉េរិកដែលចូលមកដើម្បីដណ្តើមយកឡើងវិញនូវផ្លូវទឹកជាសកលដ៏សំខាន់ដែលសហរដ្ឋអាម៉េរិកបានសាងសង់ និងជាកម្មសិទ្ធិ មុនពេលប្រគល់ការគ្រប់គ្រងទៅឱ្យប្រជាជាតិអាម៉េរិកកណ្តាលក្នុងឆ្នាំ១៩៩៩។
រដ្ឋមន្ត្រីការបរទេសប៉ាណាម៉ា លោក ចាវៀ ម៉ាទីណេស- អាឆា (Javier Martinez-Acha) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ប្រទេសតែមួយគត់ដែលគ្រប់គ្រងព្រែកជីកគឺប៉ាណាម៉ា ហើយវានឹងបន្តបែបនេះជារៀងរហូត។
លោក ត្រាំ ដែលចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាក៏បានលើកឡើងពីគំនិតនៃការប្រែក្លាយកាណាដាទៅជារដ្ឋរបស់សហរដ្ឋអាម៉េរិកបាននិយាយថាលោកនឹងទាមទារការចំណាយលើវិស័យការពារជាតិពីសម្ព័ន្ធមិត្តណាតូនិងបានសន្យាថានឹងផ្លាស់ប្ដូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទៅជាឈូងសមុទ្រអាម៉េរិក។
លោក ត្រាំ បានរិះគន់ការចំណាយរបស់អាម៉េរិកលើទំនិញកាណាដា និងការគាំទ្រផ្នែកយោធាសម្រាប់កាណាដា ដោយនិយាយថា សហរដ្ឋអាម៉េរិកមិនទទួលបានអត្ថប្រយោជន៍ពីការធ្វើដូច្នេះទេ ហើយបានហៅព្រំដែនរវាងប្រទេសទាំងពីរថាជា«ខ្សែបន្ទាត់ដែលគូរដោយសិប្បនិម្មិត»។
កាណាដាអះអាងថា នឹងមិនថយក្រោយឡើយ។ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី មេឡានី ជូលី (Melanie Joly) បាននិយាយនៅលើបណ្តាញសង្គម X ថា៖«ការអត្ថាធិប្បាយរបស់ប្រធានាធិបតីជាប់ឆ្នោត ត្រាំ បង្ហាញពីការខ្វះការយល់ដឹងពេញលេញអំពីអ្វីដែលធ្វើឱ្យប្រទេសកាណាដាក្លាយជាប្រទេសរឹងមាំ។ សេដ្ឋកិច្ចរបស់យើងរឹងមាំ។ ប្រជាជនរបស់យើងរឹងមាំ។ យើង នឹង មិន ថយ ក្រោយ ពេល ប្រឈម មុខ នឹង ការ គំរាម កំហែង ឡើយ»។
ឯកអគ្គរដ្ឋទូត ដានីញែល ហ្វ្រីដ (Daniel Fried) ដែលជាអ្នកការទូតសហរដ្ឋអាម៉េរិកចូលនិវត្តន៍ឥឡូវនេះជាអ្នកវិភាគរបស់ក្រុមប្រឹក្សាអាត្លង់ទិក បានបញ្ចេញមតិថា ការអត្ថាធិប្បាយរបស់លោក ត្រាំ បានបង្ហាញអំពីអំណាចជាតិជាការពង្រីកទឹកដី ដែលប្រៀបបាននឹងចក្រពត្តិនិយមសតវត្សទី១៩។ ទាក់ទិនការដណ្តើមយកតំបន់ហ្គ្រីនលែន លោក ហ្វ្រីដ បាននិយាយថា វានឹងបំផ្លាញអង្គការណាតូ ព្រោះសកម្មភាពនេះនឹងមិនខុសអ្វីពីសកម្មភាពរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។
ការសន្យារបស់លោក ត្រាំ ក្នុងការប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកបានបន្ទរពាក្យសន្យាពីមុនរបស់គាត់ក្នុងការប្តូរឈ្មោះ ភ្នំដេណាលី (Denali) ដែលជាកំពូលភ្នំខ្ពស់បំផុតនៅអាម៉េរិកខាងជើងទៅជាភ្នំម៉ាកឃីនលី (McKinley) ។ អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានប្តូរឈ្មោះភ្នំអាឡាស្កា ទៅតាមភ្នំជនជាតិដើមអាម៉េរិកាំង។