សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធក្នុងពាក្យបណ្ដឹងដែលត្រូវបានផ្សព្វផ្សាយនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន បុគ្គលឈ្មោះ ហេង សិទ្ធី
ភ្នំពេញ៖ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសបដិសេធ នៅក្នុងពាក្យបណ្ដឹងដែលត្រូវបានផ្សព្វផ្សាយនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន បុគ្គលឈ្មោះ ហេង សិទ្ធី បានចោទប្រកាន់មកលើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា “គាបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋានដើម្បីរកលុយឱ្យខ្លួនក្នុងពេលបំពេញការងារ និងប្រព្រឹត្តបទល្មើសជាប្រព័ន្ធក្នុងការការពារឧក្រិដ្ឋជនខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។
ចំពោះការចោទប្រកាន់នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃសាលាជាតិរដ្ឋបាល មូលដ្ឋាន សូមធ្វើការបដិសេធយ៉ាងដាច់អហង្ការ និងសូមចាត់ទុកថា ការលើកឡើងទាំងនេះដោយបុគ្គលឈ្មោះ ហេង សិទ្ធី ជាការចោទប្រកាន់ដែលគ្មានភស្តុតាង គ្មានមូលដ្ឋាន និងមានលក្ខណៈបែបមូលបង្កាច់ អុចអាល ក្នុងគោលបំណងបំភ័ន្តការចាប់អារម្មណ៍របស់មហាជន និងបិទបាំងអំពើអាក្រក់របស់ខ្លួន ដែល ការចោទប្រកាន់ទាំងនេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ ឯកឧត្តមអភិសន្តិ បណ្ឌិត និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ។
ផ្ទុយពីការចោទប្រកាន់ខាងលើ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃសាលាជាតិរដ្ឋបាល មូលដ្ឋាន តែងតែទទួលបាននូវការយកចិត្តទុកដាក់ ការគិតគូរ ការគាំទ្រ និងការលើកទឹកចិត្តជាប្រចាំពី ឯកឧត្តមអតីសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទាំងផ្នែកដឹកនាំ តម្រង់ទិស និងធនធានហិរញ្ញវត្ថុ ក៏ដូចមធ្យោបាយ សម្ភារៈចាំបាច់នានា ដែលធ្វើឱ្យសាលាជាតិរដ្ឋបាលមូលដ្ឋានមាន លទ្ធភាព និងសមត្ថភាពកាន់តែសមស្រប និងប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងការបំពេញបេសកកម្ម របស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព សំដៅរួមចំណែកអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចផែនការយុទ្ធសាស្ត្រ របស់ក្រសួងមហាផ្ទៃ។ ក្នុងន័យនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ពិតជាមានសេចក្តីពេញចិត្តយ៉ាងក្រៃលែង ចំពោះកាយវិការដឹកនាំដ៏ប្រពៃនិងឧត្តុង្គឧត្តមរបស់ ឯកឧត្តម អតីសន្តិបណ្ឌិតដែលពោរពេញទៅដោយភាពឈ្លាសវៃ ម៉ត់ចត់ និងគិតគូរវែងឆ្ងាយ ព្រមទាំងការទទួល ខុសត្រូវខ្ពស់បំផុតចំពោះជាតិ និងប្រជាជនកម្ពុជា ដោយមិនគិតពីកម្លាំងកាយ ចិត្ត ពេលវេលា និង ផលប្រយោជន៍ឯកជនអ្វីឡើយ ជាពិសេសការយកចិត្តទុកដាក់ជាប្រចាំចំពោះសុខទុក្ខគ្រប់បែបយ៉ាងរបស់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៅក្នុងក្រសួងមហាផ្ទៃ និយាយជារួម និងចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន និយាយដោយឡែក។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងសូមកុំជឿតាម ខ្លឹមសារដែលមានចរិតបែបមូលបង្កាច់ដោយគ្មានមូលដ្ឋានរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ៕