ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ជំរុញសមាជិកណាតូ ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានជំរុញសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងឬហៅកាត់ថាណាតូ ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិដល់ទៅ៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប។
ប្រធានាធិបតីជាប់ឆ្នោតរូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖ «ពួកគេទាំងអស់គ្នា (សមាជិកណាតូ) អាចមានលទ្ធភាពបង្កើនការចំណាយបាន ប៉ុន្តែវាគួរតែជា៥ភាគរយ មិនមែន២ភាគរយទេ។ អឺរ៉ុបចូលរួមតែមួយផ្នែកតូច បើធៀបនឹងប្រាក់ដែលយើងកំពុងចំណាយ ហេតុអ្វីបានជាយើងចំណាយប្រាក់រាប់ពាន់លានដុល្លារច្រើនជាងអឺរ៉ុប?»។ លោក ត្រាំ មានការសង្ស័យជាយូរមកហើយចំពោះអង្គការណាតូ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ ហើយកាលពីខែមុនបានរំលឹកឡើងវិញនូវការគំរាមកំហែងក្នុងការចាកចេញពីសម្ព័ន្ធមិត្ត ប្រសិនបើសមាជិកណាតូមិនបង្កើនការចំណាយ។ ប្រទេសចំនួន៣២ របស់សម្ព័ន្ធភាពឆ្លងមហាមុទ្រអាត្លង់ទិចក្នុងឆ្នាំ២០២៣ បានកំណត់កម្រិតអប្បបរមាសម្រាប់ការចំណាយលើវិស័យការពារជាតិចំនួន២ ភាគរយនៃផលិតផលក្នុងស្រុកសរុប ហើយសង្រ្គាមរបស់យក្សនុយក្លេអ៊ែររុស្ស៊ីនៅអ៊ុយក្រែនបានធ្វើជំរុញអោយអង្គការណាតូ ពង្រឹងសមត្ថភាពការពារខ្លួន និងបង្កើនការចំណាយលើវិស័យយោធា។
លោក ត្រាំ មិនមែនជាមន្ត្រីកំពូលតែម្នាក់ដែលអំពាវនាវឱ្យមានការកំណើននៃការចំណាយនោះទេ ប្រធានអង្គការណាតូ លោក ម៉ាក រូដ (Mark Rutte) ក៏បានអំពាវនាវដូចគ្នានេះកាលពីខែមុនថា ដោយលើកឡើងថា៖«យើងត្រូវការចំណាយច្រើនជាង២ភាគរយ»។ លោក រូដ បានព្រមានថា បណ្តាប្រទេសនៅអឺរ៉ុបមិនបានត្រៀមខ្លួនសម្រាប់ការគំរាមកំហែងនៃសង្គ្រាមនាពេលអនាគតជាមួយរុស្ស៊ី ដោយអំពាវនាវឱ្យពួកគេបង្កើនការចំណាយលើវិស័យការពារជាតិបន្ថែមទៀត។ ក្នុងសុន្ទរកថាកាលពីថ្ងៃអង្គារ លោក ត្រាំ បានអះអាងថា លោកប្រធានាធិបតី ចូ បៃឌិន បានសម្រេចចិត្តថា អ៊ុយក្រែនគួរតែអាចចូលរួមជាសមាជិកអង្គការណាតូ ជាកត្តាជំរុញដល់ការឈ្លានពានរបស់រុស្ស៊ីទាំងអស់នៅក្នុងខែកុម្ភៈឆ្នាំ ២០២២។
គួរបញ្ជាក់ថា បុរសមាត់ឆៅ លោក ត្រាំ បានប្ដេជ្ញាជំរុញឱ្យមានកិច្ចព្រមព្រៀងឆាប់រហ័សមួយដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី។ លោក ត្រាំ បានសង្កត់ធ្ងន់ថា៖ «ជម្លោះមិនគួរត្រូវបានកើតឡើងនោះទេ។ ខ្ញុំធានាថា ប្រសិនបើខ្ញុំជាប្រធានាធិបតី សង្គ្រាមនឹងមិនកើតឡើងឡើយ»។