អាជ្ញាធរ កំពុងបន្តកិច្ចការដំឡើងប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង ដើម្បីបញ្ជៀសការជន់លិច នៅភ្នំពេញ
ភ្នំពេញ៖ អាជ្ញាធរ កំពុងបន្តកិច្ចការដំឡើងប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង ដើម្បីបញ្ជៀសជន់លិចនៅរាជធានីភ្នំពេញ។ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹងជញ្ជូន បង្ហញក្តីរំពឹងថា គម្រោងទាំងនេះ នឹងអាចរួចរាល់មុនផែនការកំណត់ក្នុងខែកក្កដាឆ្នាំ២០២៥។
អគ្គនាយកដ្ឋាន កាលពីថ្ងៃទី៧មករា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនេះ ទទួលសិទ្ធិធ្វើដោយក្រុមហ៊ុន PPPP-TCM JV ។ កិច្ចការដែលក្រុមហ៊ុនត្រូវធ្វើរួមមាន៖ សាងសង់លូប្រអប់ប្រវែងតាមបណ្តោយផ្លូវជាតិលេខ៤ខាងឆ្វេងដៃ, ស្តារប្រឡាយប្រវែងជាង៦គីឡូម៉ែត្រ, ដំឡើងលូប្រវែងជិត២គីឡូម៉ែត្រ, សាងសង់លូប្រអប់ផ្លូវឆ្លងកាត់ចំនួន៩ទីតាំង, សាងសង់ទ្វារទឹក៤ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើងចន្លោះ PK១៥+៤៥០ ដល់២៣+៥៥០។
ក្នុងនោះមានការត្រួតពិនិត្យបច្ចេកទេសដោយអគ្គនាយកដ្ឋានជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ចូន។ គម្រោងនេះគិតត្រឹមថ្ងៃទី៧មករា ឆ្នាំ២០២៥ សម្រេចការសាងសង់ជារួមបានប្រមាណ៥២ភាគរយហើយ។
សូមជម្រាបថា គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញលើកំណាត់ផ្លូវជាតិលេខ៤ បានចាប់បើកដំណើរការដ្ឋានសាងសង់កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤៕