សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជាថវិការ និងស្បៀងអាហារ ដល់សាលាពលទាហានទី៤
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី ជុយ សីហា មេបញ្ជាការរង យោធភូមិភាគទី៤ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន អង្ករ គ្រឿងឧបភោគបរិភោគ និងថវិកាសម្រាប់ទ្រទ្រង់ការងាររបស់សាលា យោធាចារ្យ និងគ្រូគ្រប់គ្រងនៅក្នុងសាលាពលទាហានទី៤ យោធភូមិភាគទី៤។
ការជួយឧបត្ថម្ភនេះ គឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជុំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់ខឿនអប់រំការពារជាតិ ដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍ បណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិន នៃកងយោធពលខេមរភូមិន្ទ។
ឧត្ដមសេនីយ៍ត្រី ឈឹង សារុន នាយកសាលាពលទាហានទី៤ យោធភូមិភាគទី៤ ព្រមទាំងយោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំង មេបញ្ជាការ យោធភូមិភាគទី៤ សូមឲ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយ៉ឺនយូរ ប្រាជ្ញាវាងវៃ បវរសួស្តីសម្រេចជោគជ័យគ្រប់ភារកិច្ច។