សាលាភូមិន្ទរដ្ឋបាល សហការជាមួយ ស.ស.យ.ក. វិស័យមុខងារសាធារណៈ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំ «កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត»
ភ្នំពេញ៖ ដើម្បីរួមចំណែកក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលមានតម្រូវការឈាមជាចំបាច់ សាលាភូមិន្ទរដ្ឋបាល សហការជាមួយ ស.ស.យ.ក. វិស័យមុខងារសាធារណៈ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំ «កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត»។ កម្មវិធីនេះ មានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល និងវត្តមានចូលរួមពីឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងលោកវេជ្ជបណ្ឌិត សុខ ប៉ូល ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម។
ក្នុងរបាយការណ៍ស្វាគមន៍ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ យក់ ប៊ុនណា បានលើកឡើងថា កន្លងមក សាលាភូមិន្ទរដ្ឋបាល ធ្លាប់បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំ«កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ចំនួន ៦លើករួចមកហើយ ដែលមានអ្នកចូលរួមផ្តល់ឈាមសរុប ៦៥៩អង្គ/នាក់។ សម្រាប់លើកទី៧ នេះ ប្រព្រឹត្តទៅរយៈពេលពេញ១ថ្ងៃពេញ ដោយមានការចូលរួមស្ម័គ្រចិត្តបរិច្ចាគយ៉ាងសស្រាក់សស្រាំពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ស.ស.យ.ក. វិស័យមុខងារសាធារណៈ សាស្ត្រាចារ្យ បុគ្គលិក គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ព្រមទាំងព្រះសង្ឃ និងសិស្ស-និស្សិត ជាកម្មសិក្សាការី សិស្សមន្ត្រីជាន់ខ្ពស់ និងសប្បុរសជនផ្សេងទៀត សរុប ២២២អង្គ/នាក់។
ក្នុងឱកាសនេះ ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល លោកប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានសម្តែងការស្វាគមន៍ដោយមោទនភាព ដល់សប្បុរសជនទាំងអស់ដែលបានធ្វើអំណោយទាន និងសកម្មភាពគ្រប់បែបយ៉ាងក្នុងការជំរុញការបរិច្ចាគឈាមដោយពេញចិត្ត និងមិនទទួលកម្រៃ ក្នុងការចូលរួមចំណែកជួយសង្គ្រោះជនរងគ្រោះ។
លោកប្រធានមជ្ឈមណ្ឌល បានលើកឡើងថា យុទ្ធនាការនាថ្ងៃនេះ ជាប្រធានបទដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់ពីរគឺ៖ ១).បង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញការលើកកម្ពស់ប្រជាជនទូទៅចូលរួមធ្វើសកម្មភាព ជាមួយនឹងសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យបាននូវការផ្តល់ជូនឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាម និងគ្រប់មន្ទីរពេទ្យទាំងអស់ដោយមិនមានការរើសអើងជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ ២).ផ្សារភ្ជាប់សកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ លោកប្រធានមជ្ឈមណ្ឌលបានបន្ថែមថា ការបរិច្ចាគឈាមមិនប៉ះពាល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតឈាមបានទេ។ ការបរិច្ចាគឈាមមិនត្រឹមតែមិនមានផលប៉ះពាល់សុខភាពទេ ថែមទាំងមានអត្ថប្រយោជន៍សម្រាប់បុគ្គលផ្ទាល់ខ្លួន សង្គមជាតិ និងបរមជាតិខាងមុខ។
មានប្រសាសន៍នៅក្នុងកម្មវិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា “ការចែករំលែកឈាមរបស់យើង មានអត្ថន័យស្មើនឹងការចែករំលែកការយកចិត្តទុកដាក់ ការឈឺឆ្អាល ក្តីស្រលាញ់ និងការរួមសុខរួមទុក្ខជាមួយអ្នកត្រូវការឈាមជាចំបាច់ដើម្បីសង្គ្រោះជីវិត ដែលបានសបញ្ជាក់អំពីភាពជាគម្រូរបស់ប្រជាពលរដ្ឋដែលជាកោសិការនៃសង្គមជាតិ ដែលគ្រប់សកម្មភាពទាំងអស់ដែលផ្តល់ផលវិជ្ជមាន ចំពោះសង្គម សុទ្ធតែមានតម្លៃដ៏ធំធេង ទោះបីជាសកម្មភាពនោះតូចឬធំក៏ដោយ អ្វីដែលចំបាច់បំផុតគឺឆន្ទៈ ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្សដែលត្រូវការឈាម ដែលអ្នកបរិច្ចាគឈាមអាចធ្វើទៅបាន។” ក្នុងស្មារតីរួបរួមសាមគ្គីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “ការចូលរួមរបស់សប្បុរសជននាពេលនេះ បានបង្ហាញនូវរូបភាពថ្មីមួយនៃវីរជន ដែលបានលៈបង់ឈាមស្រស់ ទោះមិនមែនក្នុងរូបភាពនៃការស្វែងរកសុខសន្តិភាព ទោះមិនពាក់ព័ន្ធទៅលើការរក្សាស្ថេរភាព ឬការចូលរួមសមរភូមិសង្គ្រាម តែជាសកម្មភាពចេះជួយគ្នាទៅវិញទៅមក ភាតរភាពនៃការជួយគ្នា សាមគ្គីភាព ជាពិសេសការផ្សារភ្ជាប់រវាងមន្ត្រីរាជការ ជាមួយនឹងប្រជាពលរដ្ឋទូទៅ។”
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃដល់សាលាភូមិន្ទរដ្ឋបាល ស.ស.យ.ក. វិស័យមុខងារសាធារណៈ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមដែលបានខិតខំរៀបចំកម្មវិធីនាពេលនេះឡើង ដែលជាកាយវិការដ៏ប្រពៃ និងជាគម្រូល្អក្នុងសង្គមជាតិ ក្នុងនាមជាមន្ត្រីរាជការផងដែរ។ ការរៀបចំកម្មវិធីនេះឡើង បានបង្កប់នូវសារអប់រំមួយឱ្យមនុស្សគ្រប់រូបចូលរួមធ្វើអំពើល្អក្នុងសង្គម ក៏ចូលរួមចំណែកយ៉ាងសំខាន់ក្នុងភាពជាគម្រូដ៏ត្រឹមត្រូវមួយ ដើម្បីជំរុញភាពជាគម្រូ កាយវិការដ៏ប្រពៃ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការផងដែរ។ឯកឧត្តមសង្ឃឹមថាតាមរយៈកម្មវិធីនេះ នឹងអាចជំរុញសកម្មភាពមនុស្សធម៌ឱ្យកាន់តែផុលផុស និងមានការចូលរួមពីសំណាក់ក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្តុះបណ្តាលដទៃបន្ថែមទៀត៕