ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា ជំរុញដល់រដ្ឋបាលខេត្ដ ក្រុង ស្រុក លេីកិច្ចការងារផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ
ភ្នំពេញ៖ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានជំរុញដល់រដ្ឋបាលខេត្ដ ក្រុង-ស្រុក ខិតខំបំពេញកិច្ចការងារឱ្យបានកាន់ល្អប្រសេីរថែមទៀត ជាពិសេសលេីកិច្ចការងារបំរេីរ សេវាជូនប្រជាពលរដ្ឋឱ្យ ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋដែលមកស្នេីសុំសេវា ក៏ដូចជាធ្វេីជាគម្រូរលេីការផ្តល់សេវាជូនពលរដ្ឋ និងយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ-សង្កាត់ “ស្នាមញញឹមខេត្តបន្ទាយមានជ័យ”។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងជម្រុញបែបនេះ ក្នុងពិធីបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។
ឯកឧត្ដមរដ្ឋមន្ត្រី បានបន្តថា ក្នុងនាមក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ចង់ឃើញការផ្តល់សេវារបស់រដ្ឋបាលខេត្ត ក៏ដូចជាក្រុង-ស្រុក ឃុំ-សង្កាត់ ជូនដល់បងប្អូនប្រជាពលរដ្ឋបានល្អលឿនរហ័ស ដើម្បីបំពេញនូវសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ ក្នុងនាមមន្ត្រីបម្រើប្រជារាស្ត្រ យេីងត្រូវតែមានក្រមសីលធម៌ មិនត្រូវមានការរើសអើង ឬប្រេីពាក្យសម្តីមិនសមរម្យចំពោះប្រជាពលរដ្ឋឡេីងយ។ មួយវិញទៀតត្រូវមានការផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយនឹងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្វែងរកនូវបញ្ហាប្រឈម នឹងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា ដើម្បីឈានទៅអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានការរីកចម្រើនប្រសេីរឡេីងបន្ថែមទៀត។
មួយវិញទៀត ដើម្បីចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបក្មេងទំនើងនៅក្នុងមូលដ្ឋាន ឯកឧត្ដម ឌិត ទីណា ជំរុញដល់គ្រប់បណ្ដាសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តរួមដៃគ្នាធ្វើការបង្ក្រាបក្មេងទំនើង កុំឱ្យបង្កអសន្តិសុខក្នុងមូលដ្ឋាន ត្រូវធ្វើការស្រាវជ្រាវក្រុមពាក់ព័ន្ធ ដើម្បីយកមកអនុវត្ដនៅតាមនីតិវិធី ដោយគ្មានលេីលែងឡេីយ ៕