អគ្គស្នងការនគរបាលជាតិ ប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនឃាតករបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅខេត្តជាប់ព្រំដែនកម្ពុជា និងត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅឱ្យសមត្ថកិច្ចថៃចាត់ការទៅតាមនីតិវិធីច្បាប់
ភ្នំពេញ៖ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានកិត្តិយស សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិជ្រាបអំពីព័ត៌មានពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះឈ្មោះ លឹម គឹមយ៉ា ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយរូប កាលពីវេលាម៉ោង ១៧:៤៥នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្លូវ ១៣ហាង សង្កាត់ប៊ូរិននិវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ។
បន្ទាប់ពីហេតុការណ៍កើតឡើង សមត្ថកិច្ចថៃបានធ្វើការស្រាវជ្រាវ និងបានកំណត់អត្តសញ្ញាណ ជនសង្ស័យមានឈ្មោះ Ekkalak Pheanoi ជនជាតិថៃ កើតឆ្នាំ១៩៨៣ ជាអតីតនាវិកយោធា ស្នាក់នៅផ្ទះលេខ៩៩៩ ផ្លូវសាប់វុធ សង្កាត់បាងណានឿ ខណ្ឌបាងណា ទីក្រុងបាងកក។ ក្រោយពេលធ្វើកម្មភាព ជនសង្ស័យបានរត់គេចខ្លួនពីទីក្រុងបាងកក ធ្វើដំណើរឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនប្រទេសកម្ពុជា។
ផ្អែកតាមសំណូមពរស្នើសុំកិច្ចសហការ និងព័ត៌មានដែលបានផ្តល់ដោយនគរបាលភូមិន្ទថៃ សមត្ថកិច្ចនគរបាលជាតិកម្ពុជា បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៥០នាទី សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរកឃើញ និងឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ បច្ចុប្បន្នជនសង្ស័យរូបនេះបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី។
ជនសង្ស័យរូបនេះនឹងត្រូវបញ្ជូនទៅប្រទេសថៃវិញ តាមសំណូមពររបស់នគរបាលភូមិន្ទថៃ ស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី។
អាស្រ័យហេតុនេះ សូមសាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបជាព័ត៌មាន ៕