ក្រុមហ៊ុន Apple នៅតែមិនអាចលក់ទូរសព្ទ iPhone 16 នៅឥណ្ឌូណេស៊ី
ហ្សាការតា៖ រដ្ឋមន្ត្រីឧស្សាហកម្មរបស់ប្រទេសឥណ្ឌូណេស៊ី លោក អាហ្គូស ហ្គូមីវ៉ាង កាតាស្មីតា (Agus Gumiwang Kartassmita) បានបញ្ជាក់កាលពីថ្ងៃពុធទី៨ ខែមករាថា ក្រុមហ៊ុន Apple នៅតែមិនអាចលក់ទូរសព្ទម៉ូដែលចុងក្រោយ iPhone 16 នៅក្នុងប្រទេសឥណ្ឌូណេស៊ីបានទេ បើទោះបីជាមានកិច្ចព្រមព្រៀងសាងសង់រោងចក្រផលិតក្នុងស្រុកនៅក្នុងប្រទេសនេះក៏ដោយ ដោយសារតែក្រុមហ៊ុនយក្សរបស់អាម៉េរិកនេះមិនបានបំពេញតាមបទប្បញ្ញត្តិវិនិយោគក្នុងស្រុក។
កាលពីឆ្នាំមុន ឥណ្ឌូណេស៊ីបានហាមឃាត់ការលក់ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួន ដោយអះអាងថាក្រុមហ៊ុន Apple មិនបានបំពេញតាមតម្រូវការដែលចែងថា ស្មាតហ្វូនដែលលក់ក្នុងស្រុកគួរតែបំពាក់ដោយគ្រឿងដែលផលិតក្នុងស្រុកយ៉ាងហោចណាស់៣៥ ភាគរយ។ រដ្ឋមន្ត្រីឧស្សាហកម្មរបស់ប្រទេសនេះលើកឡើងថា Apple បានធ្វើកិច្ចព្រមព្រៀងមួយដើម្បីសាងសង់រោងចក្រតម្លៃ១ ពាន់លានដុល្លារអាម៉េរិក ដែលនឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំក្រោយ ដោយផលិតឧបករណ៍ចាប់ទីតាំង Airtag របស់ខ្លួននៅលើកោះបាតាំប្រទេសឥណ្ឌូណេស៊ី ជិតប្រទេសសិង្ហបុរី ប៉ុន្តែវានៅតែមិនរាប់បញ្ចូលជាផ្នែក iPhone ផលិតក្នុងស្រុកដដែល។
លោក អាហ្គូស បានលើកឡើងថា៖ «ក្រសួងមិនមានហេតុផលសម្រាប់ការផ្ដល់វិញ្ញាបនបត្រវិនិយោគក្នុងស្រុក ដើម្បីអនុញ្ញាតឱ្យ Apple លក់ iPhone 16 នោះទេ ដោយហេតុថារោងចក្រថ្មីនេះមិនជាប់ពាក់ព័ន្ធនឹងតម្រូវការនៃការផលិត iPhone 16នោះទេ»។ លោកបន្ថែមថា ក្រសួងនឹងរាប់តែសមាសធាតុទូរសព្ទប៉ុណ្ណោះ។ លោកសង្កត់ធ្ងន់ថា៖ «Apple ត្រូវការចរចាជាមួយយើង ដើម្បីយើងអាចទទួលវិញ្ញាបនបត្របាន»។ យោងតាមលោក អាហ្គូស ក្រុមហ៊ុន Apple អាចត្រូវបានដាក់ទណ្ឌកម្មប្រសិនបើបន្តមិនអនុលោមតាមច្បាប់វិនិយោគក្នុងស្រុក។ លោកអះអាងថា ក្រសួងនឹងស្វែងរកមធ្យោបាយ ឬជម្រើសផ្សេងទៀត បន្ថែមថា រដ្ឋាភិបាលបានបញ្ជូនសំណើប្រឆាំងទៅក្រុមហ៊ុន Apple រួចហើយ៕