អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីជលផល បង្ក្រាបឲ្យបានទាំងវត្ថុតាង និងជនសង្ស័យ
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្កកំពង់ចាម នាថ្ងៃទី ៩ ខែមករាឆ្នាំ ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងជំរុញឲ្យមន្ត្រីជលផល បង្ក្រាបឲ្យបានទាំងវត្ថុតាង និងជនសង្ស័យ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ប្រការដែលមន្ត្រីរដ្ឋបាលជលផល បង្ក្រាបបទល្មើសនេសាទបានត្រឹមតែវត្ថុតាងយកទៅកំទេចចោល នោះបទល្មើសនេះនៅតែកើតមានឡើង។ ពីព្រោះជនល្មើសអាចទៅទិញឧបករណ៍នោះមកប្រព្រឹត្តបទល្មើសឡើងវិញដដែល ។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងផងដែរថា ប្រការដែលមន្ត្រីយើងអនុវត្តបង្ក្រាបបទល្មើសនេសាទបានយ៉ាងក្តៅកគុកនោះ ឃើញថា ត្រីមានការកើនឡើង ដែលលក់នៅលើទីផ្សារមានតម្លៃថោក ធ្វើឲ្យប្រជាពលរដ្ឋយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញត្រីទាំងនោះមកធ្វើជាប្រហុក ឬកែច្នៃជាអាហារផ្សេងៗ។
ដូច្នេះវិធានការបង្ក្រាបបទល្មើសនេសាទនេះ សូមឱ្យមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការពិនិត្យឧបករណ៍របស់អ្នកនេសាទឲ្យបានត្រឹមត្រូវ នឹងធ្វើការបង្ក្រាបបទល្មើសនេះឲ្យបានទាំងឧបករណ៍ និងជនល្មើសផងដែ ៕