ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ លើវិញ្ញាសាសរសេរលើកទី២ នឹងប្រព្រឹត្តទៅនាថ្ងៃទី១១ មករា នៅសាលាភូមិន្ទរដ្ឋបាល
ភ្នំពេញ៖ ដើម្បីឆ្ពោះទៅកាន់ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើវិញ្ញាសាសរសេរលើកទី២ ឱ្យប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងសម្របតាមគោលការណ៍ដែលមានចែង ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំជាមួយប្រធាន និងអនុប្រធាន នៃអនុគណៈកម្មនីមួយៗ។
អង្គប្រជុំបានពិភាក្សាផ្តល់ធាតុចូលបន្ថែមទៅលើការងារជារួមរួមមាន៖ ១)ការរៀបចំបែងចែកបន្ទប់សម្រាប់បេក្ខជន និងក្រុមការងារនៅក្នុងមណ្ឌលប្រឡង ២)ការរៀបចំក្រុមការងារនៃអនុគណៈកម្មការ ៣)ការរៀបចំសេចក្តីជូនដំណឹង សេចក្តីណែនាំ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធការប្រឡង និង ៤)ការរៀបចំត្រៀមសម្រាប់ការប្រឡងប្រជែងចុងក្រោយនៅដំណាក់កាលទី៣ លើវិញ្ញាសាសួរផ្ទាល់មាត់។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណ និងសំណូមពរឱ្យប្រធាន និងអនុប្រធាន នៃអនុគណៈកម្មការទទួលបន្ទុកនីមួយៗ ដឹកនាំរៀបចំក្រុមការងារទៅតាមបែបផែនការងារ តួនាទីភារកិច្ច និងការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីឱ្យការអនុវត្តប្រកបដោយគុណភាព ប្រសិទ្ធភាព និងស្របតាមគោលការណ៍ “គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព” ៕