ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤
ភ្នំពេញ៖ តាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា បើធៀបនឹងរយៈពេលពេញមួយឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២៤ រួមទាំងករណីអ្នកស្លាប់និងរងរបួស សុទ្ធតែបានថយចុះទាំងអស់។
លោកបណ្ឌិតបាមឱ្យដឹងថា នៅឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើង ២.៨៤៤លើក ធៀបនឹងឆ្នាំ២០២៣ មាន៣.៣១៧លើក ថយចុះដល់ទៅ៤៧៣ករណី ខណៈអ្នកស្លាប់ថយចុះ៨១នាក់ និងរបួសធ្ងន់បានថយចុះ២.២៧៣នាក់ ដែលលទ្ធផលនេះ ត្រូវបានចាត់ទុកជាសមិទ្ធផលមួយទៀតរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។
បើតាមលោកបណ្ឌិត ទូច សុឃៈ លទ្ធផលនៃការកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឱ្យប្រមុខក្រសួងមហាផ្ទៃ គឺឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនឹកឃើញភ្លាមដល់កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ជាពិសេសទៀតនោះ ការយកចិត្តទុកដាក់អនុវត្តច្បាប់របស់មន្រ្តីនគរបាលចរាចរណ៍ទាំងយប់ទាំងថ្ងៃទូទាំងប្រទេស ដែលបើទោះបីជាមានមតិខ្លះយល់អវិជ្ជមាន តែពួកគាត់នៅតែមិនបោះបង់គោលដៅរឹតបន្តឹងច្បាប់ដើម្បីសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាជនលើដងផ្លូវ។
ក្នុងនាមក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ ក៏មិនភ្លេចដែរ ការថ្លែងអំណរគុណដល់ប្រជាពលរដ្ឋច្រើនលើសលុបដែលបានចូលរួមគោរពនិងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដ្បិតបើទោះបីជាសមត្ថកិច្ចនគរបាលចរាចរណ៍ខិតខំអនុវត្តច្បាប់ទាំងយប់ទាំងថ្ងៃ ខិតខំសម្រួលចរាចរណ៍ទាំងក្ដៅ ទាំងភ្លៀង ទាំងថ្ងៃធម្មតា និងទាំងថ្ងៃបុណ្យឈប់សម្រាកយ៉ាងណាក៏ដោយ ក៏អត្រាគ្រោះថ្នាក់នៅតែប្រឈមខ្ពស់ បើសិនប្រជាពលរដ្ឋអ្នកបញ្ជាយានយន្តមិនចូលរួមគោរពច្បាប់ និងបើកបរដោយគ្មានការយល់យោគអធ្យាស្រ័យ៕