អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment)។
ស្ថិតក្នុងអំឡុងពេលនៃការប្រកាស និងបង់ប្រាក់ពន្ធប៉ាតង់ប្រចាំឆ្នាំ ដែលមានរយៈពេល៣ខែ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៥ នេះ អ្នកជាប់ពន្ធមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរ និងរង់ចាំបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់ នៅតាមបណ្ដាសាខា
ពន្ធដារខេត្ត-ខណ្ឌ ឬនៅតាមបណ្ដាសាខា ធនាគារពាណិជ្ជជាដៃគូទៀតឡើយ លោកអ្នកគ្រាន់តែប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment) របស់អគ្គនាយកដ្ឋានពន្ធដារ នោះលោកអ្នកនឹងអាចបង់ប្រាក់ពន្ធប៉ាតង់ ព្រមទាំងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯងពីគ្រប់ទីកន្លែង។
ពន្ធប៉ាតង់គឺជាពន្ធប្រចាំឆ្នាំ ដែលត្រូវបានកំណត់លើសកម្មភាពអាជីវកម្មនីមួយៗ របស់អ្នកជាប់ពន្ធ ដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធនិងកម្រិតផលរបរ។
អ្នកជាប់ពន្ធតូច ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០០០០ រៀល, អ្នកជាប់ពន្ធមធ្យម ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ១២០០០០០ រៀល និងអ្នកជាប់ពន្ធធំត្រូវបង់ពន្ធប៉ាតង់ចំនួន ៣ ០០០ ០០០ រៀល ឬ៥ ០០០ ០០០ រៀល ចំពោះអ្នកជាប់ពន្ធធំ ដែលមានផលរបរចាប់ពី ១០ ០០០ លានរៀលឡើងទៅ។
ពន្ធប៉ាតង់ ក៏ត្រូវបានលើកលែងផងដែរចំពោះ៖
១៖ ស្ថាប័នរដ្ឋ បេសកកម្មទូតឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលដទៃទៀត។
២៖ សកម្មភាពរបស់អង្គការណាមួយដែលត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា សប្បុរសធម៌ វិទ្យាសាស្ត្រអក្សរសាស្ត្រ ឬអប់រំ និងគ្មានចំណែកណាមួយនៃទ្រព្យឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជន។
៣៖ គ្រប់សកម្មភាពអាជីវកម្ម ដែលមានផលរបរប្រចាំឆ្នាំក្រោមកម្រិតផលរបរអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដូចមានកំណត់ក្នុងមាត្រា៦ នៃច្បាប់ស្តីពីសារពើពន្ធ។
គួរបញ្ជាក់ថា ចំពោះអ្នកជាប់ពន្ធដែលចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល ៦ (ប្រាំមួយ) ខែដើមឆ្នាំ ត្រូវបង់ប្រាក់ពន្ធប៉ាតង់ពេញមួយឆ្នាំ ដោយឡែក អ្នកជាប់ពន្ធដែលចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល ៦ (ប្រាំមួយ) ខែចុងឆ្នាំ ត្រូវបង់ពន្ធប៉ាតង់ពាក់កណ្ដាល៕