ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។
ការបន្តរៀបចំការងារបច្ចេកវិទ្យាឌីជីថលរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ជារួមមាន ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាសម្រាប់បម្រើការដល់ទីតាំងបម្រើសេវាថ្កោលទោស និងការរៀបចំប្រព័ន្ធឌីជីថលសម្រាប់កិច្ចការអនុគ្រោះទោស និងកិច្ចការដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌ ដែលការរៀបចំនេះ ក្នុងគោលបំណងផ្តល់ការបម្រើសេវាថ្កោលទោសឱ្យកាន់តែល្អប្រសើរដល់អតិថិជន និងផ្តល់ភាពងាយស្រួលសម្រាប់គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស និងងាយស្រួលដល់គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ក្នុងការរក្សាទុក និងប្រើប្រាស់ទិន្នន័យក្នុងប្រព័ន្ធ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ផេង សុលាភ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីអនុវត្តការងារជម្រុញឌីជីថលូបនីយកម្ម ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ លោក លោកស្រី ជាប្រធាននាយកដ្ឋានចំណុះទាំងអស់ផងដែរ ៕