នាវាទេសចរណ៍មួយគ្រឿង នាំភ្ញៀវចម្រុះជាតិសាសន៍ជិត ៦០០នាក់ ចូលសុំចតធ្វើទស្សនកិច្ចនៅកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ភ្នំពេញ៖ ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត៦០០នាក់ ស្មើនឹង២២សញ្ជាតិ បានធ្វើដំណើរតាមនាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ SEA BOURN ENCORE ចូលសុំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលមួយថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នៅព្រឹកព្រលឹមថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥។
តាមមន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ នាវាទេសចរណ៍បរទេសចំនួន០១គ្រឿង មានឈ្មោះ SEA BOURN ENCORE សញ្ជាតិ BAHAMAS មានបណ្តោយ២១០,៥ម៉ែត្រ ទទឹង ២៨,២៥ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន៥៦៤នាក់ ស្រី២៩០នាក់ ស្មើនឹង២២សញ្ជាតិ និងមាននាវិកសរុបចំនួន៤០៥នាក់ ស្រី១០៥នាក់ ស្មើនឹង៤៩សញ្ជាតិ។
នាវាទេសចរណ៍ SEA BOURN ENCORE បានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង១៩ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម។
ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស SEA BOURN ENCORE ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា USA ២៥៩នាក់ British ១៥២នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។ ភ្ញៀវទេសចរចូលមកក្នុងប្រទេសកម្ពុជា ចេញទៅអង្គរ ខេត្តសៀមរាបមានចំនួន ៤៤នាក់ ស្រី ២៥នាក់ ៧សញ្ជាតិ និងភ្ញៀវទេសចរមកពីខេត្តសៀមរាបចេញតាមនាវាទេសចរណ៍មានចំនួន ០៣នាក់ ស្រី ០២នាក់ ស្មើនឹង២សញ្ជាតិ។
ភ្ញៀវទេសចរបរទេសបរទេសបានធ្វើដំណើរកម្សាន្តក្នុងក្រុងនៃខេត្តព្រះសីហនុ មានដូចជា ភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើក្រុងព្រះសីហនុ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ តំបន់វប្បធម៌ ដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ តំបន់អភិឌ្ឍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ឃុំរាម ស្រុកព្រៃនប់។ ក្នុងដំណើរទស្សនកិច្ចរបស់ភ្ញៀវទេសចរបរទេសដោយមានការជួយសម្របសម្រួលការពារសន្តិសុខ សុវត្ថិភាពសាធារណពីកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក និងអាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព។
សូមរម្លឹកថា កាលពីព្រឹកថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៤ នាវាទេសចរណ៍ SEA BOURN ENCORE ក៏បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត៥០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព៕