ក្រុមអ្នកសម្រុះសម្រួលអាមេរិក និងអារ៉ាប់ ធ្វើឱ្យមានវឌ្ឍនភាពខ្លះ ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឈប់បាញ់ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងសង្រ្គាមនៅហ្កាហ្សា
គែរ៖ ក្រុមអ្នកសម្រុះសម្រួលអាមេរិក និងអារ៉ាប់បានធ្វើឱ្យមានវឌ្ឍនភាពខ្លះ ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឈប់បាញ់ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សា ប៉ុន្តែមិនទាន់ឈានដល់ការឯកភាពគ្នានៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ ២០២៥។
ក្រុមមន្រ្តីប៉ាឡេស្ទីន បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អវត្ដមាននៃកិច្ចព្រមព្រៀងរហូតមកដល់ពេលនេះ មិនមែនមានន័យថា កិច្ចពិភាក្សាជាប់គាំងនោះទេ។ មន្រ្តីប៉ាឡេស្ទីនម្នាក់បានប្រាប់ Reuters ដោយមិនបញ្ចេញឈ្មោះថា «មានការចរចាយ៉ាងទូលំទូលាយ។
ក្រុមសម្រុះសម្រួល និងអ្នកចរចាកំពុងពិភាក្សាយ៉ាងលម្អិត។ មានរបកគំហើញមួយ នៅពេលនិយាយដល់ចំណុចខ្វែងគំនិតគ្នាពីមុន ប៉ុន្តែមិនទាន់ឈានដល់ការព្រមព្រៀង»។ មន្រ្តីប៉ាឡេស្ទីនម្នាក់ទៀត បានទទួលស្គាល់ដែរថា មានភាពរីកចម្រើនអំឡុងកិច្ចពិភាក្សា ប៉ុន្តែថាលក្ខខណ្ឌថ្មីរបស់អ៉ីស្រាអែល អាចធ្វើឱ្យប៉ះពាល់ដល់ការព្រមព្រៀងគ្នា។ ជុំវិញការចោទប្រកាន់នេះ មិនទាន់មានការអត្ថាធិប្បាយពីអ៉ីស្រាអែលនៅឡើយទេ។
គួរបញ្ជាក់ថា ប្រទេសកាតា សហរដ្ឋអាមេរិក និងអេហ្ស៉ីប កំពុងជំរុញកិច្ចព្រមព្រៀងបញ្ឈប់ការប្រយុទ្ធគ្នារយៈពេល ១៥ខែ និងដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ដែលនៅសេសសល់ពីដៃក្រុមហាម៉ាស់ មុនពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចាកចេញពីតំណែង៕