អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត
ភ្នំពេញ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំចំនួន២ រួមមាន កិច្ចប្រជុំត្រៀម កម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានបេតុងដែលជាជំនួយឧបត្ថម្ភរបស់សមាគមមូលនិធិមុទិតា និងស្ថានទូតសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ និងកិច្ចប្រជុំត្រៀមដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តបន្ទាយមានជ័យ និងពិភាក្សាឆ្លងរបាយការណ៍ត្រៀមចុះអនុស្សរណៈនៃការយោគយល់ជាមួយខេត្តវិញឡុង សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលគ្រោងធ្វេីឡេីងនៅថ្ងៃទី១៥-១៨ ខែមករា ឆ្នាំ២០២៥នាពេលខាងមុខ។
នៅក្នុងកិច្ចប្រជុំនោះ អភិបាលខេត្តបន្ទាយមានជ័យ បានទទួលយកមតិ លោក លោកស្រី អភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធដើម្បីធ្វើការកែរសម្រួលអក្ខរាវិរុទ្ធ និងរបៀបវិរៈមួយចំនួនដែលត្រូវរៀបចំនៅក្នុងកម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានបេតុងដែលជាជំនួយឧបត្ថម្ភរបស់សមាគមមូលនិធិមុទិតា និងស្ថានទូតសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីឲ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន។
ចំពោះកិច្ចប្រជុំត្រៀមដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តបន្ទាយមានជ័យ និងពិភាក្សាឆ្លងរបាយការណ៍ត្រៀមចុះអនុស្សរណៈនៃការយោគយល់ជាមួយខេត្តវិញឡុង សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលគ្រោងធ្វេីឡេីងនៅថ្ងៃទី១៥-១៨ ខែមករា ឆ្នាំ២០២៥ សូមបញ្ជាក់ថា ខេត្តវិញឡុង គឺជាដៃគូសហប្រតិបត្តិការដ៏សំខាន់លើគ្រប់វិស័យ។ ក្នុងរយៈពេល ជាង១០ឆ្នាំមកហើយ ដែលខេត្តទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយគ្នាតាម រយៈការ អនុវត្តនូវខ្លឹមសារអនុស្សរណៈ នៃការយោគយល់គ្នាជាបន្តបន្ទាប់ ។
តាមរយៈទំនាក់ទំនងមិត្តភាព សាមគ្គីភាពដ៏ល្អរវាងខេត្ត្តវិញឡុង ជាមួយខេត្តបន្ទាយមានជ័យ ក៏ដូចជារវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម និយាយជារួមស្ថិតស្ថេរយូរអង្វែង និងកាន់តែវិវឌ្ឍខ្លាំងក្លាឡើងជាលំដាប់។
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាឱកាសបញ្ចប់នៃកិច្ចប្រជុំក៏បានផ្ដាំផ្ញើដល់អស់លោក លោកស្រី អភិបាលរងខេត្ត អភិបាលស្រុក មន្ទីរ អង្គភាពដែលពាក់ព័ន្ធ សូមធ្វើការអនុវត្តនូវការងារ ស្របតាមកិច្ចប្រជុំនាថ្ងៃនេះប្រកបដោយការទទួលខុសត្រូវរៀងៗខ្លួន៕