ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា
ប៉ាណាម៉ា៖ ប្រជាជនប៉ាណាម៉ារាប់រយនាក់បានដើរដង្ហែក្បួនព្យុហយាត្រាកាលពីថ្ងៃព្រហស្បតិ៍ទី៩ ខែមករា ដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ាក្នុងឆ្នាំ១៩៦៤ ខណៈក្រុមអ្នកតវ៉ាមួយចំនួនបានដុតរូបប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ដែលបានគំរាមដណ្តើមយកផ្លូវទឹកពិភពលោកដ៏សំខាន់ទៅគ្រប់គ្រងម្ដងទៀត។
សូមងាកទៅអតីតកាលបន្តិចថា ជនជាតិប៉ាណាម៉ាជាង ២០នាក់ដែលភាគច្រើនជានិស្សិតបានស្លាប់ក្នុងអំឡុងពេលការប៉ះទង្គិចគ្នាដោយហិង្សានៅទូទាំងប្រទេសកាលខែមករាឆ្នាំ១៩៦៤ ដែលបានកើនឡើងខ្លាំងបន្ទាប់ពីកងកម្លាំងសន្តិសុខសហរដ្ឋអាម៉េរិកបានបើកការបាញ់ប្រហារជាការឆ្លើយតបទៅនឹងមហាបាតុកម្មប្រឆាំងនឹងវត្តមានរបស់សហរដ្ឋអាម៉េរិកនៅក្នុងប្រទេសប៉ាណាម៉ា និងការច្បាមយកសិទ្ធិគ្រប់គ្រងលើព្រែកជីកបាណាម៉ា។ គ្រានោះ យ៉ាង ហោច ណាស់ ទាហាន អាម៉េរិក ៣នាក់ ក៏ បាន ស្លាប់ផង ដែរ។
គេមិនអាចភ្លេចទេ ថ្ងៃចងចាំ៩មករាដែលជា «ទិវាទុក្ករបុគ្គល (ទុក្ករបុគ្គល៖ អ្នកដែលស៊ូប្រព្រឹត្តខ្លួនយ៉ាងលំបាកកម្រនឹងអ្នកដទៃអាចធ្វើបាន ហ៊ានបូជាជីវិតដើម្បីជំនឿសាសនាឬនយោបាយ)» ត្រូវបានគេចាត់ទុកថាជាថ្ងៃនៃការទទួលបានវិញនូវព្រែកជីកមកគ្រប់គ្រងវិញសម្រាប់ប្រទេសប៉ាណាម៉ាក្នុងឆ្នាំ១៩៩៩។ ព្រែកជីកនេះក៏ដើរតួជាការរំលឹកអតីតកាលដ៏បង្ហូរឈាម។
ក្រុមមនុស្សដើរដង្ហែក្បួនតវ៉ាបានស្រែកោយកំហឹងថា ៖«ឈាមដែលស្រក់នៅព្រែកជីកនេះនឹងមិនអាចបំភ្លេចបានទេ និងមិនអាចប្រគល់ព្រែកជីកប៉ាណាម៉ាធ្លាក់ក្នុងដៃអាម៉េរិកម្ដងទៀតបានឡើយ»។
យ៉ាងណា លោក ត្រាំ កាលពីថ្ងៃអង្គារទី៧ ខែមករាបានអះអាងថា អាម៉េរិកមិនព្រមបោះចោលគំនិតប្រើសម្ពាធយោធា ឬសេដ្ឋកិច្ចដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកដែលជាផ្លូវទឹកសិប្បនិម្មិតប្រវែង ៨២គីឡូម៉ែត្រ តភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិច ដែលជាផ្លូវដឹកជញ្ជូនអន្តរជាតិដ៏សំខាន់នេះឡើយ៕