វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្ដម មាស សុកែវ សមាជិក អ.ដ.ក. អមដោយ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក លី សុភាព និងលោកស្រី ណុប ចាន់លក្ខិណា ព្រមទាំងលោក ឡុច ចន្ថា មន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាជួលដី និងផ្ទះ មួយករណីដោយជោគជ័យ។
សំណុំរឿងវិវាទនេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាជួលដី និងផ្ទះ ដែលមានទីតាំងស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទនោះ ប៉ុន្តែ នៅតែមិនទទួលបានជោគជ័យ។ ក្រោយមក ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលស្វែងរកដំណោះដោយសន្តិវិធី។
អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ៕