កូនខ្លាឃ្មុំតូចមួយក្បាល ត្រូវបានក្រុមគ្រូពេទ្យ វះកាត់ប្រអប់ជើងចោល ដោយសាររងរបួសពីការជាប់អន្ទាក់ខ្លាំងពេក
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ៧ ខែមករា ក្រុមការងារផ្នែកសង្គ្រោះសត្វព្រៃបន្ទាន់អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានទទួលដំណឹងថាមានមន្ត្រីនគរបាលប្រចាំនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានសង្គ្រោះកូនខ្លាឃ្មុំតូចជាប់អន្ទាក់មួយក្បាល។
ក្រុមការងារផ្នែកសង្គ្រោះសត្វព្រៃបន្ទាន់បានចេញប្រតិបត្តិការ និងធ្វើដំណើរពេញមួយយប់ទៅកាន់ទីតាំងដើម្បីទៅទទួលកូនខ្លាឃ្មុំតូចនោះ។ ទីបំផុត ក្រុមការងារបាននាំកូនខ្លាឃ្មុំតូចមកដល់មជ្ឈមណ្ឌល
សង្គ្រោះសត្វព្រៃភ្នំតាម៉ៅហើយកាលពីថ្ងៃទី៨ ខែមករា វេលាម៉ោង ៤ ទៀបភ្លឺ។ កូនខ្លាឃ្មុំតូចត្រូវបានប្រគល់ជូនទៅក្រុមពេទ្យសត្វមកពីអង្គការអភិរក្ស Free the Bears ដើម្បីថែទាំព្យាបាលបន្ត។
ជាអកុសល ក្រុមគ្រូពេទ្យបានធ្វើការវះកាត់ប្រអប់ជើងរបស់កូនខ្លាឃ្មុំតូចចោល ដោយសាររងរបួសពីការជាប់អន្ទាក់ខ្លាំងពេក។
បច្ចុប្បន្ន កូនខ្លាឃ្មុំតូចកំពុងទទួលការព្យាបាល តែហាក់មិនទាន់រួចផុតពីគ្រោះថ្នាក់នៅឡើយទេ ដោយសារការឆ្លងរោគធ្ងន់ធ្ងរ និងត្រូវការពេលវេលាយូរតទៅមុខទៀតក្នុងការព្យាបាលដើម្បីជាសះស្បើយ ៕