មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជឿថា គម្រោង «កម្មវិធីសាលារៀនស្អាតនិងបរិស្ថានបៃតង» នឹងអាចបង្កើតឥទ្ធិពលរលក លាតសន្ធឹងហួសពីសាលារៀន ដោយជំរុញឱ្យមានវប្បធម៌នៃភាពស្អាត ដែលដក់ជាប់ពេញក្នុងសង្គមខ្មែរ
ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី«កម្មវិធីសាលារៀនស្អាតនិងបរិស្ថានបៃតង» និងមានការចូលរួមពី លោកស្រី Shirley Quah តំណាងណាហ្គាវើលដ៍បេះដូងសប្បុរស ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង គណៈគ្រប់គ្រង នាយក នាយិកា និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលារៀនគោលដៅចំនួន ១១ ក្នុងចំណោមសាលាគោលដៅទាំង៦៨។
មានប្រសាសន៍ក្នុងឱកាសនេះ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានបង្ហាញនូវសេចក្តីរីករាយដែលបានចូលរួមក្នុង «កម្មវិធីសាលារៀនស្អាតនិងបរិស្ថានបៃតង» ដែលក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រុមហ៊ុន ណាហ្គាវើលដ៍បេះដូងសប្បុរស ជ្រើសរើសយកសាលាអនុវិទ្យាល័យ និងវិទ្យាល័យនៅក្នុងរាជធានីភ្នំពេញចំនួន៦៨ មកធ្វើការប្រកួតប្រជែងក្នុងការប្រឡងប្រណាំង ការអនុវត្តសាលារៀនស្អាត និងបរិស្ថានបៃតងនាពេលនេះ។
គួរបញ្ជាក់ដែរថា ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផ្ទាល់ បាននិងកំពុងតែប្រឈមមុខជាមួយនឹងបញ្ហាមួយចំនួនដូចជា៖ (១). ការប្រែប្រួលអាកាសធាតុ (២). ការបំពុល និង(៣). ការថយចុះនៃធនធានធម្មជាតិ។ បញ្ហាទាំងនេះមិនត្រឹមតែគំរាមកំហែងដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សុខភាព និងសុខុមាលភាពរបស់មនុស្សជំនាន់ក្រោយទៀតផង ដែលយើងទាំងអស់គ្នាត្រូវសហការជាមួយគ្នា ដើម្បីស្វែងរក និងចាត់វិធានការនានា ក្នុងការចាត់វិធានការទប់ស្កាត់ និងដោះស្រាយបញ្ហាទាំងនេះ ហើយនោះជាអ្វីដែលក្រសួងអប់រំ និងក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងចូលរួមចំណែកធ្វើថ្ងៃនេះ ដោយចាប់ផ្តើមពីសិស្សរបស់យើង តាមរយះ «កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង»។
ទន្ទឹមនឹងនេះ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនណាហ្គាវើលដ៏ និងក្រុមការងារក្រសួង មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ គណះគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសហគមន៏ ក្នុងសាលាគោលដៅ បន្តធ្វើការជាមួយគ្នា បំពេញឱ្យគ្នា និងដើម្បីឈានទៅលប់បំបាត់សម្រាម ពិសេសការប្រើប្រាស់ថង់ផ្លាស់ស្ទិក អំពើហិង្សាគ្រប់ទម្រង់ ការរំលោភបំពាន និងការរើសអើងផ្សេងៗចំពោះកុមារ នៅក្នុងសាលារៀន។
ចាប់តាំងពីឆ្នាំ២០២៣មក ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើនដើម្បីធ្វើឱ្យសាលារៀនកាន់តែស្អាត និងកាន់តែប្រសើរឡើងរួមមាន ស្តង់ដាសាលាគំរូ យុទ្ធនាការគ្មានកាកសំណល់ និងកម្មវិធីប្រមូលទឹកភ្លៀង។ ដើម្បីឆ្លើយតប និងសម្រេចបាននូវសូចនាករសំខាន់ៗ ដែលមាននៅក្នុងស្តង់ដាទាំង៥ នៃសាលារៀនគំរូ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមបំពេញបន្ថែមដ៏មានសារៈសំខាន់ ពីក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងការចូលរួមចំណែក ដល់ការអនុវត្តសកម្មភាពជាអាទិភាព និងការសម្រេចបាននូវស្តង់ដាសាលារៀនគំរូជារួម ជាពិសេសគឺការជួយធ្វើឱ្យសាលាមធ្យមសិក្សា នៅក្នុងរាជធានីភ្នំពេញទាំងអស់ ដែលជាសាលារៀនគោលដៅ នឹងមានការប្រឡងប្រណាំងគ្នា រយៈពេល ០៧ ខែ ដោយផ្តោតលើការគ្រប់គ្រងកាកសំណល់ និងការកែច្នៃឡើងវិញឱ្យទទួលបានជាសាលារៀនស្អាតនិងមានបរិស្ថានបៃតង ក៏ដូចជាលើកទឹកចិត្ត ឱ្យមានការគ្រប់គ្រងនិងការកែច្នៃ កាកសំណល់ផ្លាស់ស្ទិកផងដែរ។
សារជាថ្មីម្តងទៀត លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនណាហ្គាវើលដ៍ ចំពោះសមិទ្ធផលនេះ និងជឿជាក់ថា គម្រោងនេះ នឹងអាចបង្កើតឥទ្ធិពលរលកដែលលាតសន្ធឹងហួសពីសាលារៀនរបស់យើង និងអាចទៅដល់ក្នុងសហគមន៏របស់យើង និងប្រទេសរបស់យើងផ្ទាល់ ដោយជំរុញឱ្យមានវប្បធម៌នៃភាពស្អាត(ចិត្តស្អាត បេះដូងស្អាត ឥរិយាបទស្អាត) ដែលដក់ជាប់ពេញក្នុងសង្គមខ្មែរយើង៕