ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប៖ ប្រជាជនកម្ពុជាចងចាំជានិច្ចថា ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ខ្លួន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥) នៅស្រុកពាមរក៍ ខេត្តព្រៃវែងដែលមានប្រជាពលរដ្ឋចូលរួមជាង៦០០នាក់ មកពីស្រុកចំនួនបីគឺ ស្រុកពាមរក៍ ស្រុកពាមជរ និងស្រុកបាភ្នំ។
ឯកឧត្តម ពេជ្រ ជីវ័ន តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង បានឡើងអានសុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានថ្លែងនៅក្នុងពីធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦នៃទិវាជ័យជម្នះ៧មករា(១៩៧៩-២០២៥) នៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ កន្លងមក ជូនដល់អង្គពិធីទាំងមូល។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា តាមរយៈរូប ឯកឧត្តមផ្ទាល់នាថ្ងៃនេះ ថ្នាក់ដឹកនាំកំពូលៗ នៃស្ថាប័នជាតិ មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើការសួរសុខទុក្ខ និងក្ដីនឹករលឹកប្រកបដោយភាពកក់ក្តៅបំផុត ជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងបងប្អូនជនរួមជាតិទាំងអស់ និងសូមគោរពជូនពរដល់ជនរួមជាតិទាំងអស់ ទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបន្តថា យើងជួបជុំគ្នានាពេលនេះ ជាការជួបជុំជាប្រពៃណីដែលយើងធ្លាប់បានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងអបអរសាទរទិវាជ័យជម្នះ៧មករា ឆ្នាំ១៩៧៩។ ថ្ងៃទី៧ មករា ឆ្នាំ២០២៥ នេះ ជាថ្ងៃគម្រប់ខួបទី ៤៦ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នងបំផុត។ ជ័យជម្នះ ៧មករា បានបិទទំព័រសករាជដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជា ហើយបានបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ប្រជាជនកម្ពុជាចងចាំជានិច្ចថា “ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ខ្លួន។ បើគ្មានជ័យជម្នះ ៧មករា យើងក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ”។ លើសពីនេះទៀតការជួបជុំគ្នានេះ ក្រៅពីការសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនជនរួមជាតិទាំងអស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានធ្វើការផ្សព្វផ្សាយនូវសមិទ្ធផលរបស់រដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសមិទ្ធផលរបស់រាជរដ្ឋភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រេចបានក្នុងរយៈពេលជាង១៧ខែកន្លងមកនេះផងដែរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍លើកឡើងពីការខិតខំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត ដែលបានដឹកនាំកសាងប្រទេសកម្ពុជា ឱ្យចេញពីស្ថានភាពក្រីក្រលំបាក ខ្វះខាត ដែលមជ្ឈដ្ឋានអន្តរជាតិធ្លាប់ល្បីថា កម្ពុជាជាតំបន់អសន្តិសុខ មានសង្គ្រាមផ្ទៃក្នុង តែឥឡូវត្រូវបានប្រែក្លាយទៅជាសម្បូរសប្បាយ ជាកោះសន្តិភាព និងជាប្រទេសដែលទទួលបានប្រជាប្រិយភាពការទូត ទាំងក្នុងតំបន់ និងសកលលោក ៕