សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ១០លានរៀល ជូនក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកា ១០លានរៀល ជូនក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីចូលរួមអបអរសាទរពិធីសប្បុរសធម៌លើកទី១៤ និងខួបលើកទី៦៥ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ថវិកាសប្បុរសធម៌នេះ ត្រូវបានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា ប្រគល់ជូនឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែឧបត្ថម្ភគាំទ្រដល់ពិធីសប្បុរសធម៌នានារបស់ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ក្នុងគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្ត និងផ្តល់លទ្ធភាពដល់ក្លឹបនីមួយៗអាចបំពេញសកម្មភាពមនុស្សធម៌នៅតាមគ្រឹះស្ថានឧត្តមសិក្សារៀងៗខ្លួន។
សូមបញ្ជាក់ថា ការប្រារព្ធពិធីសប្បុរសធម៌លើកទី១៤ និងខួបលើកទី៦៥ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ទី១៣ ខែមករា ឆ្នាំ២០២៥ ដែលមានស្តង់ចំនួន ១៣០ស្តង់ សម្រាប់ដាក់ពិព័រណ៍ម្អូបអាហារ សម្ភារសិក្សា សម្ភារប្រើប្រាស់ និងស្នាដៃរបស់និស្សិត-យុវជន ជាច្រើនទៀត ដើម្បីប្រមូលមូលនិធិពីសប្បុរសជន សម្រាប់សកម្មភាពមនុស្សធម៌ជា ៣ចំណែកធំៗរួមមាន៖ ១. ជួយឧបត្ថម្ភដល់សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត ដែលមានជីវភាពខ្វះខាត, ២. ជួយដល់អ្នកជំងឺពុំមានលទ្ធភាពព្យាបាល ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលជាទីតាំងរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងទី៣. ជួយឧបត្ថម្ភដល់កុមារក្រីក្រ និងមណ្ឌលកុមារកំព្រានានាដែលជួបការលំបាក ៕