លោក ហ្សេឡេនស្គី៖ អ៊ុយក្រែនបានចាប់ខ្លួនទាហានកូរ៉េខាងជើង២នាក់ក្នុងតំបន់ Kursk របស់រុស្ស៊ី
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានបញ្ជាក់កាលពីថ្ងៃសៅរ៍ទី១១ ខែមករាថា អ៊ុយក្រែនបានចាប់ខ្លួនទាហានកូរ៉េខាងជើងពីរនាក់នៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី ដែលជាលើកទីមួយ ដែលអ៊ុយក្រែនបានប្រកាសពីការចាប់ខ្លួនទាហានកូរ៉េខាងជើងទាំងរស់ ចាប់តាំងពីពួកគេចូលទៅក្នុងសង្រ្គាមកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន។
នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X លោក ហ្សេឡេនស្គី បានរៀបរាប់ថា ទាហានកូរ៉េខាងជើងដែលត្រូវបានចាប់ខ្លួននោះត្រូវបាននាំយកទៅរដ្ឋធានីកៀវ ហើយកំពុងទំនាក់ទំនងជាមួយសេវាសន្តិសុខអ៊ុយក្រែន (SBU) ដែលជាទីភ្នាក់ងារស៊ើបការណ៍ក្នុងស្រុករបស់ប្រទេស។
លោកបន្តថា ដូចគ្នានឹងអ្នកទោសសង្រ្គាមទាំងអស់ដែរ ទាហានកូរ៉េខាងជើងទាំងពីរនាក់នេះកំពុងទទួលបានជំនួយផ្នែកវេជ្ជសាស្ត្រចាំបាច់។ លោកថា អ្នកសារព័ត៌មាននឹងត្រូវបានផ្តល់សិទ្ធិឱ្យនិយាយជាមួយពួកគេ។
SBU បានបញ្ជាក់ថា ជនជាតិកូរ៉េខាងជើងត្រូវបានផ្ទេរទៅរដ្ឋធានីកៀវ សម្រាប់ការសាកសួរ ហើយដោយសារតែពួកគេមិនអាចនិយាយភាសាអ៊ុយក្រែន រុស្ស៊ី ឬភាសាអង់គ្លេស ការសាកសួររបស់ពួកគេត្រូវបានធ្វើឡើងជាភាសាកូរ៉េ ដោយមានជំនួយពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ NIS របស់កូរ៉េខាងត្បូង។
ទាហានម្នាក់ក្នុងចំណោមទាហានត្រូវបានចាប់ខ្លួនជាមួយនឹងឯកសារយោធារុស្ស៊ីដែលមានឈ្មោះអ្នកផ្សេងទៀតដែលបានចុះឈ្មោះក្នុងប្រទេសរុស្ស៊ី ខណៈដែលម្នាក់ទៀតមិនមានឯកសារអ្វីទាំងអស់។ ទីភ្នាក់ងារនេះបានឱ្យដឹងថា ទាហានបានកើតនៅក្នុងឆ្នាំ២០០៥ និង ១៩៩៩ ហើយបានបម្រើការនៅក្នុងកងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើងចាប់តាំងពីឆ្នាំ២០២១ និង២០១៦ រៀងគ្នា។
យោងតាម SBU អ្នកទោសទាំងពីរនាក់កំពុងត្រូវបានឃុំខ្លួនក្នុងលក្ខខណ្ឌដែលស្របតាមច្បាប់អន្តរជាតិ ហើយការស៊ើបអង្កេតឧក្រិដ្ឋកម្មកំពុងត្រូវបានធ្វើឡើងដើម្បីមើលថាតើបុរសទាំងនោះបានបំពានច្បាប់របស់ប្រទេសអ៊ុយក្រែនប្រឆាំងនឹងការធ្វើផែនការ ឬធ្វើសង្គ្រាមដែរឬទេ។
គួរបញ្ជាក់ថា រដ្ឋធានីកៀវអះអាងថា ទាហានកូរ៉េខាងជើងកំពុងប្រយុទ្ធនៅក្នុងតំបន់ Kursk ជាកន្លែងដែលអ៊ុយក្រែនបានបើកការលុកលុយវាយបកទ្រង់ទ្រាយធំក្នុងខែសីហាឆ្នាំ២០២៤។ អ៊ុយក្រែនអះអាងថា ខ្លួននៅតែគ្រប់គ្រងទឹកដីជាច្រើនរយគីឡូម៉ែត្រការ៉េនៅទីនោះ។ មិនត្រឹមតែប៉ុណ្ណោះ អ៊ុយក្រែនធ្លាប់បានប្រកាសពីចាប់ទាហានកូរ៉េខាងជើងក្នុងការប្រយុទ្ធ ប៉ុន្តែថា ពួកគេបានរងរបួសយ៉ាងធ្ងន់ធ្ងរ និងបានស្លាប់ភ្លាមៗបន្ទាប់មក។