មន្ត្រីជំនាញកម្ពុជា ចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកមេរោគ មុននាំទៅកាន់ទីផ្សារប្រទេសចិន
ភ្នំពេញ៖ ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកវត្តមានមេរោគមួយចំនួន តាមលក្ខខណ្ឌតម្រូវរបស់សាធារណរដ្ឋប្រជាមានិតចិន។
ការចុះយកសំណាកដើម្បីវិភាគរកមេរោគនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការនាំចេញក្រពើចិញ្ចឹមពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ នេះជាលើកទីមួយហើយ ដែលកម្ពុជាទទួលបានការអនុញ្ញាតនាំក្រពើរស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែកម្ពុជាត្រូវបំពេញបែបបទឱ្យស្របតាមស្តង់ដានិងអនុសញ្ញាសាយតេសជាមុនសិន។
តាមការបញ្ជាក់របស់ក្រសួងកសិកម្ម នៅពេលដែលនាំចេញលើកទីមួយទទួលបានជោគជ័យ នោះកម្ពុជានឹងមានទីផ្សារសត្វក្រពើរស់នៅប្រទេសចិន ដែលមានវិសាលភាពធំ និងអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់អ្នកចិញ្ចឹមសត្វក្រពើក្នុងប្រទេសកម្ពុជា ៕