ជប៉ុននឹងផ្តល់ឱ្យឥណ្ឌូណេស៊ីនូវនាវាល្បាតល្បឿនលឿន ២គ្រឿង
ហ្សាការតា៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គេរូ អ៊ីស៊ីបា (Shigeru Ishiba) បានប្រកាសកាលពីថ្ងៃសៅរ៍ទី១១ ខែមករាថា ជប៉ុននឹងផ្តល់ឱ្យឥណ្ឌូណេស៊ីនូវនាវាល្បាតល្បឿនលឿនចំនួន២ គ្រឿង ខណៈដែលរាជធានីតូក្យូព្យាយាមជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រក្នុងតំបន់ ប្រឈមមុខនឹងការអះអាងកាន់តែខ្លាំងឡើងដោយមហាយក្សចិន។
លោក អ៊ីស៊ីបា បានសន្យាផ្តលើនាវាក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីហ្សាការតា ជាកន្លែងដែលលោកបានជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីនតូ (Prabowo Subianto) លើបញ្ហាទ្វេភាគីជាច្រើន។
លោក អ៊ីស៊ីបា ត្រូវបានដកស្រង់សម្តីដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ពួកយើងបានយល់ព្រមលើការបង្កើតការពិគ្រោះយោបល់ផ្នែកការពារជាតិកម្រិតការងារលើសន្តិសុខដែនសមុទ្ររបស់យើង រួមទាំងកិច្ចសហប្រតិបត្តិការបច្ចេកទេសឧបករណ៍ការពារផងដែរ។ យើងក៏បានយល់ព្រម ផ្តល់នាវាល្បាតល្បឿនលឿនតាមរយៈជំនួយសន្តិសុខផ្លូវការ ដែលនឹងក្លាយជាជំនួយដំបូងរបស់យើងសម្រាប់ឥណ្ឌូណេស៊ី។
លោកបានបន្តថា ប្រទេសទាំងពីរក៏បានយល់ព្រមធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលដែលគ្មានកាបូនដូចជាថាមពលកម្ដៅក្នុងផែនដី អ៊ីដ្រូសែន អាម៉ូញាក់ និងជីវឥន្ធនៈ។
មុនពេលទៅដល់រដ្ឋធានីហ្សាការតា ប្រមុខរដ្ឋជប៉ុនបានជួបពិភាក្សាគ្នានៅរដ្ឋធានីគូឡាឡាំពួជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ លោក អ៊ីស៊ីបា បានលើកឡើងថា សម្រាប់គោលនយោបាយការបរទេសរបស់យើង ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ីអាគ្នេយ៍គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពធំបំផុត។
លោករាយរាប់បន្តទៀតថា ដំណើរទស្សនកិច្ចនេះបានធ្វើឱ្យលោកដឹងពីការរីកចម្រើនដ៏ខ្លាំងក្លានៃប្រទេសទាំងពីរ និងបញ្ជាក់ឡើងវិញនូវទស្សនៈរបស់គាត់ថា ប្រទេសជប៉ុន និងសម្ព័ន្ធមិត្តសំខាន់របស់សហរដ្ឋអាម៉េរិកត្រូវតែចូលរួមបន្ថែមទៀតជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍។ លោក អ៊ីស៊ីបា បន្ថែមថា ការចូលរួមការទូតនៅក្នុងតំបន់នេះគឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសជប៉ុនដូចទៅនឹងសហរដ្ឋអាម៉េរិក។
ជាមួយនឹងការលើកទឹកចិត្តរបស់សហរដ្ឋអាម៉េរិក ខណៈដែលខ្លួនស្វែងរកការប្រឆាំងនឹងប្រទេសចិន ជប៉ុនបាននិងកំពុងពង្រឹងទំនាក់ទំនងសន្តិសុខនៅក្នុងតំបន់។ រាជធានីតូក្យូតូក្យូបានផ្តល់ឧបករណ៍យោធា និងជំនួយផ្សេងទៀតដល់ហ្វីលីពីនរួចហើយ ខណៈប្រទេសអាស៊ីអាគ្នេយ៍នេះកំពុងជាប់ជំពាក់ក្នុងជម្លោះទឹកដីជាមួយមហាយក្សចិន។ កាលពីឆ្នាំមុន ហ្វីលីពីនបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារដ៏សំខាន់មួយជាមួយប្រទេសជប៉ុន ដែលអនុញ្ញាតឱ្យប្រទេសទាំង២ ដាក់ពង្រាយកងទ័ពនៅលើដីរបស់គ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងរបស់លោក អ៊ីស៊ីបា ចាប់តាំងពីចូលកាន់តំណែងក្នុងខែតុលាឆ្នាំមុន។