ឯកឧត្តម ឆាយ ឫទ្ធិសែន៖ ថ្ងៃ៧ មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាគ្រប់រូប និងជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ដើម្បីសង្គ្រោះជាតិ និងប្រជាជនឱ្យមានជីវិតរស់ឡើងវិញ
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ( ៧ មករា ១៩៧៩- ៧ មករា ២០២៥) នៅស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
អង្គពិធីមីទ្ទិញនេះត្រូវបានរៀបចំដាច់ដោយឡែកពីគ្នានៅក្នុងបរិវេណសាលាស្រុកសាមគ្គីមានជ័យ និងសាលាស្រុកទឹកផុស ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន លោក លោកស្រី សមាជិក សមាជិកា នៃក្រុមការងារចុះមូលដ្ឋានឃុំទាំង១៨ នៃស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សរុបរួមចំនួន ១.២៩១នាក់។
ក្នុងឱកាសដ៏ឱឡារិកនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានអានសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាគ្រប់រូប និងជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីសង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការកាប់សម្លាប់ នៃរបបដ៏សាហាវយង់ឃ្នង ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ឈានទៅរកការអភិវឌ្ឍលើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាពប្រកបដោយមោទកភាពជាទីបំផុតដូចពេលបច្ចុប្បន្ន។
បន្ទាប់មក តំណាងអង្គមីទ្ទីងទាំងពីរ បានឡើងមានចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្ត ដើម្បីសម្ដែងនូវការគោរពដឹងគុណ និងការអរគុណយ៉ាងក្រៃលែងបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រតិបត្តិករឆ្នើមនៃនយោបាយឈ្នះឈ្នះ និងជាបិតាស្ថាបនិកមគ្គុទ្ទេសក៍ឯកនៃសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍ ព្រមទាំងបានប្តេជ្ញាចិត្តចូលរួមថែរក្សាការពារសុខសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង់ទោះអស់ក្នុងតម្លៃណាក៏ដោយ។ តំណាងអង្គមីទ្ទីងក៏បានប្តេជ្ញាចិត្តគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕