សម្តេចធិបតី សម្រេចលុបចោលគម្រោងផលិតស៊ីម៉ង់ត៍ ដែលមានភ្នំថ្មកំបោរលើផ្ទៃដីជាង ៤៦០ហិកតា នៅស្រុកកំពង់ត្រាច ដោយដាក់អភិរក្សជាកន្លែងសាសនា ទេចរណ៍ និងវប្បធម៌ជំនួសវិញ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចលុបចោល គម្រោងផលិតស៊ីម៉ង់ត៍ ដែលមានភ្នំថ្មកំបោរលើផ្ទៃដីជាង ៤៦០ហិកតា នៅស្រុកកំពង់ត្រាច ខេត្តកំពត ដោយដាក់តំបន់នោះ ជាតំបន់អភិរក្សសម្រាប់ជាកន្លែងសាសនា ទេចរណ៍ និងវប្បធម៌ជំនួសវិញ។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់អតីតតំបន់អជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ស្ថិតនៅក្នុងឃុំដំណាក់កន្ទួចខាងត្បូង និងឃុំដំណាក់កន្ទួចខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ទុកសម្រាប់កន្លែងសាសនា អេកូទេសចរណ៍ និងវប្បធម៌។
សូមជម្រាបថា តាមសំណើរបស់ក្រសួងរ៉ែ និងថាមពល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចរក្សាទុក អតីតតំបន់អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ របស់ក្រុមហ៊ុន បាយរិជ ខនស្ត្រាក់សិន មេធឺរៀល ឯ.ក (BYRICH CONSTRUCTION MATERIAL COMPANY LIMITED.) ដែលមានផ្ទៃដីទំហំ ៤៦៣,៦០ ហិកតា ស្ថិតនៅឃុំដំណាក់កន្ទួតខាងត្បូង និងឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត សម្រាប់ជាកន្លែងសាសនា អេកូទេសចរណ៍ និងវប្បធម៌ ដោយការងាររៀបចំត្រូវចូល រួមពីស្ថាប័នពាក់ព័ន្ធដូចជា ក្រសួងរ៉ែនិងថាមពល ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងធម្មការនិងសាសនា ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត។
បើតាមក្រសួងរ៉ែ និងថាមពល អាជីវកម្មថ្មកំបោរផលិតស៊ីម៉ងត៍លើផ្ទៃដីទំហំ ៤៦៣.៦០ហិកតា ដែលផ្តុំឡើងពីតំបន់តូចៗចំនួន៥ ដែលជាតំបន់តួភ្នំចំនួន៦ភ្នំ មានសក្តានុពលថ្មកំបោរ។ អាជ្ញាបណ្ណនេះមានសុពលភាពចំនួន១៥ឆ្នាំ គិតចាប់ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០៣៥។ ភ្នំទាំងប្រាំមួយក្នុងដែនអាជ្ញាបណ្ណមានទីតាំងភូមិសាស្ត្រដូចខាងក្រោម៖
-ភ្នំដំរី ភ្នំផ្អាវ និងភ្នំតូចខាងជើង ស្ថិតនៅភូមិព្រៃកេសឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត
-ភ្នំស ស្ថិតនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត
-ភ្នំកំពង់ត្រាច ស្ថិតនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត
-ភ្នំតូចខាងត្បូង ស្ថិតនៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
តំបន់តូចៗទាំង៥ មានភូមិសាស្ត្រដូចជា៖
តំបន់ទី១៖ តួភ្នំមានផ្ទៃដីទំហំ៤៩.៤០ហិកតា គ្របដណ្តប់លើ ភ្នំកំពង់ត្រាច។ ភ្នំកំពង់ត្រាច មាន រូងល្អាង ទេសភាព ជារមណីយដ្ឋានតំបន់ទេសចរណ៍ធម្មជាតិ សម្រាប់ប្រជាពលរដ្ឋក្នុង និងក្រៅតំបន់ទៅលេងកំសាន្ត និងជាកន្លែងសម្រាប់ថតកុនខ្មែរតាំងពីសម័យ ដើមរហូតដល់បច្ចុប្បន្ន។ ផ្នែកខាងលិចនៃតំបន់នេះ មានប្រជាពលរដ្ឋរស់នៅច្រើន កៀកនឹងជើងភ្នំក្នុងចន្លោះបរិវេណ ៥០ម៉ែត្រ។
តំបន់ទី២៖ តួភ្នំមានផ្ទៃដីទំហំ ២៥ហិកតា គ្របដណ្តប់លើ ភ្នំស។ ផ្នែកខាងជើងនៃតំបន់ភ្នំសនេះ មានប្រជាពលរដ្ឋរស់នៅច្រើន ប៉ុន្តែឆ្ងាយពីជើងភ្នំក្នុងចន្លោះបរិវេណ ១៥០ ម៉ែត្រឡើងទៅ។
តំបន់ទី៣៖ តួភ្នំមានផ្ទៃដីទំហំត្រឹមតែ ១,៤៤ហិកតា គ្របដណ្តប់លើតួភ្នំតូចមួយផុសឡើង ចម្ងាយប្រមាណ ៤៥០ម៉ែត្រពីជើងភ្នំតំបន់ទី២ខាងលើ ដោយសារតំបន់ភ្នំនេះ មានទំហំតូច និងមិនសូវខ្ពស់ ប្រជាពលរដ្ឋបានតាំងលំនៅឋានកៀកនឹងជើងភ្នំជុំវិញភ្នំតែម្តង ក្នុងបរិវេណភ្នំនេះ មានការតាំងលំនៅឋានចំនួន ១៩ខ្នងក្នុងបរិវេណ ៥០ម៉ែត្រ។
តំបន់ទី៤៖ តួភ្នំមានផ្ទៃដីទំហំ ៨៦.៣០ហិកតា ដែលមានទំហំធំជាងគេក្នុងចំណោមតំបន់ទាំង៥ គ្របដណ្តប់លើភ្នំដំរី និងមួយផ្នែកនៃតួភ្នំផ្អាវ។ ក្នុងបរិវេណ១០០ម៉ែត្រ ពីជើងភ្នំដំរី ពុំមានការតាំងទីលំនៅរបស់ប្រជាពលរដ្ឋច្រើនគួរឱ្យកត់សម្គាល់នោះទេ។ ប៉ុន្តែ ក្នុងចន្លោះបរិវេណពី ១០០ ទៅ ៤៥០ម៉ែត្រ ឃើញថាមានប្រជាពលរដ្ឋតាំងលំនៅយ៉ាងច្រើន នៅតាមបណ្តោយផ្លូវភាគខាងកើតនៃតំបន់ភ្នំដំរី និងភ្នំផ្អាវ។ ភ្នំផ្អាវមានរូង និងមានបន្សល់គ្រឹះប្រាសាទបុរាណ នៅក្រៅដែនអាជ្ញាបណ្ណ។ ភ្នំផ្អាវទាំងមូលត្រូវបានកាត់ចេញមួយផ្នែកនៅភាគខាងជើង ដោយសារមានវត្តមាន សាលារៀន វត្ត រូងនិងគ្រឹះប្រាសាទដែលជាទីកន្លែងគោរពបូជារបស់ប្រជាពលរដ្ឋ។ នៅចំកណ្តាលនៃភ្នំដំរី មានវត្តមួយ ដែលទើបសាងសង់ហេដ្ឋារចនាសម្ព័ន្ធ អគារបន្ថែមថ្មីៗ ជាបន្តបន្ទាប់ក្នុងរង្វង់ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ ឈ្មោះថា វត្តបុទុមគិរីព័ទ្ធ (វត្តលើ)។
តំបន់ទី៥៖ តួភ្នំមានផ្ទៃដីទំហំត្រឹមតែ ១.១០ហិកតា គ្របដណ្តប់លើតួភ្នំតូចមួយផុសឡើងចម្ងាយប្រមាណ ៦០០ម៉ែត្រពីជើងភ្នំដំរីនៃតំបន់ទី៤ខាងលើ ឬត្រឹមតែ ២៥០ម៉ែត្រពីជើងភ្នំផ្អាវ។ ក្នុងបរិវេណ ៥០ម៉ែត្រពីជើងភ្នំ មានប្រជាពលរដ្ឋបានតាំងលំនៅឋានប្រមាណ ៥ខ្នងផ្ទះ បុស្តិ៍នគរបាលឃុំ សាលាឃុំដំណាក់កន្ទួតខាងជើង និងមណ្ឌលសុខភាពភ្នំដំរី។ ការតាំងលំនៅឋានរបស់ប្រជាពលរដ្ឋមានច្រើន និងរាយប៉ាយគ្រប់ទិស លើកលែងតែទិសខាងត្បូង ដោយសារជាតំបន់ភ្នំនៃតំបន់អាជ្ញាបណ្ណទី៤ ៕