ឯកឧត្តម ប៉ុន សុខ វាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ដែលខិតខំជួយបណ្តុះបណ្តាលធនធានមនុស្ស ឱ្យក្លាយជាធនធានប្រកបដោយគុណភាព និងដើរស្របគ្នាជាមួយគោលនយោបាយជាតិ
ភ្នំពេញ៖ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គសិក្ខាសាលាស្តីពី “ការបង្កើតផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សា” ដែលមានការចូលរួមពីលោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត កញ្ញាកែវ មនោរម្យនាយិកាវិទ្យាស្ថានអប់រំកាយ និងកីឡា លោកសាស្ត្រាចារ្យ ហារ៉ា យូអ៊ីជិ និងលោកនីស៊ីយ៉ា ណាអូគិ អគ្គលេខាធិការអង្គការបេះដូងមាស។
លោកនីស៊ីយ៉ា ណាអូគិ អគ្គលេខាធិការ បានគូសបញ្ជាក់ថា វគ្គសិក្ខាសាលាមានរយៈពេល៣ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្នុងវគ្គនោះមានសិក្ខាកាមចូលរួមសរុបចំនួន១០៨នាក់ មកពីបណ្តារាជធានី ខេត្តចំនួន៣ រួមមាន រាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តបាត់ដំបង។
លោកអគ្គលេខាធិការ បញ្ជាក់ទៀតថា សិក្ខាសាលាមានគោលបំណង ដើម្បីយល់ដឹងពីសកម្មភាព សមិទ្ធិផល បញ្ហាប្រឈម និងដំណោះស្រាយនៃផែនការផ្សព្វផ្សាយ ការអនុវត្តនៅក្នុងរាជធានី ខេត្តគោលដៅរហូតដល់បច្ចុប្បន្ននេះ។ ដើម្បីបង្កើតផែនការផ្សព្វផ្សាយមុខវិជ្ជាអប់រំកាយដែលនឹងត្រូវបង្កើតឡើងដោយថវិការផ្ទាល់ខ្លួន និងការជួយជ្រោមជ្រែងពីសហគមន៍ និងមាតាបិតា។ ការបង្កើតផែនការផ្សព្វផ្សាយដើម្បីស្នើរសុំទៅក្រសួងអប់រំ យុវជន និងកីឡាសម្រាប់ពិធីបិទបញ្ចប់គម្រោង។
ក្នុងឱកាសបិទសិក្ខាសាលានេះដែរ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា មានប្រសាសន៍ កោតសរសើ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងបំពេញ តាមតួនាទី និងភារៈកិច្ចរៀងៗខ្លួន ប្រកបដោយជោគជ័យ ក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សឱ្យក្លាយធនធានប្រកបដោយគុណភាព និងដើរស្របគ្នាជាមួយនឹងគោលនយោបាយជាតិ។
ជាចុងក្រោយ ឯកឧត្តមផ្តាំផ្ញើរដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ សូមយកចំណេះដឹងដែលទទួលបានពីវគ្គសិក្ខាសាលានេះ ទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ នៅតាមអង្គភាពដែលខ្លួនកំពុងបំពេញ ដើម្បីចូលរួមអភិវឌ្ឍន៍ឱ្យកាន់តែមានការរីកចម្រើនខ្លាំងឡើងថែមទៀត៕