ក្រុម Hamas បង្ហាញពីវឌ្ឍនភាពក្នុងកិច្ចចរចាបទឈប់បាញ់ ជាមួយអ៊ីស្រាអែល
ហ្គាស្សា៖ មន្ត្រីប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃអាទិត្យថា ការចរចាដោយប្រយោលរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលបានដំណើរការឆ្ពោះទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់។
លោក Tahir al-Nono មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់បានឲ្យដឹងនៅក្នុងអត្ថាធិប្បាយទៅកាន់ស៊ីនហួថា យើងមិនឆ្ងាយពីកិច្ចព្រមព្រៀងបទឈប់បាញ់ទេ ប្រសិនបើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ឆ្លើយតបជាវិជ្ជមានចំពោះបញ្ហាសំខាន់ៗដែលកំពុងពិភាក្សា។
លោក Al-Nono បានបន្ថែមថា ក្រុមហាម៉ាស់នៅតែបត់បែនក្នុងការធ្វើការជាមួយអ្នកសម្រុះសម្រួល ដើម្បីបញ្ចប់ជម្លោះ ដោយសង្កត់ធ្ងន់លើគោលដៅចម្បងរបស់ក្រុមគឺបញ្ចប់សង្រ្គាម។
មន្ត្រីក្រុមហាម៉ាស់ទីពីរដែលនិយាយដោយអនាមិកបានថ្លែងថាក្របខ័ណ្ឌចុងក្រោយសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់គឺជិតបញ្ចប់ហើយ។ មន្ត្រីរូបនេះបានបន្តថា យើងខិតទៅជិតការឈានដល់បទឈប់បាញ់ ដោយកត់សម្គាល់ថា គណៈកម្មាធិការបច្ចេកទេសដែលពាក់ព័ន្ធនឹងភាគីទាំងសងខាង និងអ្នកសម្រុះសម្រួលបានបញ្ចប់ការរៀបចំសម្រាប់កិច្ចព្រមព្រៀងនេះ។
យោងតាមប្រភពក្រុម Hamas កិច្ចព្រមព្រៀងដែលបានស្នើឡើងរួមមានពីរដំណាក់កាល។ ក្នុងដំណាក់កាលដំបូង ក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលជាច្រើននាក់ រួមទាំងស្ត្រី កុមារ បុគ្គលវ័យចំណាស់ និងករណីមនុស្សធម៌។ ជាថ្នូរនឹងគ្នា អ៊ីស្រាអែលនឹងដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីនរាប់សិបនាក់ ដកកងកម្លាំងរបស់ខ្លួនចេញពីផ្នែកខ្លះនៃតំបន់ហ្គាហ្សា និងជួយសម្រួលដល់ការវិលត្រឡប់របស់ជនភៀសខ្លួនទៅផ្ទះរបស់ពួកគេនៅភាគខាងជើងហ្គាហ្សា។
ដំណាក់កាលទីពីរ ដែលនឹងត្រូវចរចាក្នុងអំឡុងពេលទីមួយ ត្រូវបានគេរំពឹងថានឹងដោះស្រាយបញ្ហាកាន់តែទូលំទូលាយ រួមទាំងបទឈប់បាញ់ពេញលេញ ការដកទ័ពរបស់អ៊ីស្រាអែល ការកសាងតំបន់ហ្គាហ្សាឡើងវិញ និងការដោះដូរអ្នកទោសយ៉ាងទូលំទូលាយ។
អ៊ីស្រាអែលប៉ះទង្គិចជាមួយប៉ូលិសអំឡុងពេលការតវ៉ាទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥។
ក្រោយមកនៅថ្ងៃអាទិត្យ លោក Netanyahu បានអាប់ដេតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ក្នុងអំឡុងពេលការហៅទូរស័ព្ទស្តីពីវឌ្ឍនភាព នៃការចរចាដែលមានមូលដ្ឋាននៅទីក្រុង Doha។ យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន លោក Biden បានសង្កត់ធ្ងន់លើតម្រូវការជាបន្ទាន់សម្រាប់បទឈប់បាញ់ និងការវិលត្រឡប់នៃចំណាប់ខ្មាំង។
កាលពីថ្ងៃសៅរ៍ លោក Netanyahu បានណែនាំគណៈប្រតិភូជាន់ខ្ពស់ឲ្យធ្វើដំណើរទៅទីក្រុង Doha ដើម្បីជំរុញការចរចា។ គណៈប្រតិភូដឹកនាំដោយលោក David Barnea ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad និងលោក Ronen Bar ប្រធានសេវាសន្តិសុខផ្ទៃក្នុង Shin Bet បានពិភាក្សាជាមួយអ្នកសម្រុះសម្រួលកាតា និងមន្ត្រីសហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក Netanyahu បានបញ្ជាក់ថា កិច្ចពិភាក្សានេះមានគោលបំណងធានាការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលឃុំខ្លួននៅហ្គាហ្សា។
កាលពីថ្ងៃសៅរ៍ផងដែរ លោក Netanyahu បានជួបជាមួយលោក Steve Witkoff ដែលជាបេសកជនមជ្ឈិមបូព៌ាសម្រាប់ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump នៅទីក្រុង Jerusalem។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ Hebrew Witkoff បានបង្ហាញពីចេតនាដ៏ម៉ឺងម៉ាត់របស់លោក Trump ក្នុងការទទួលបានកិច្ចព្រមព្រៀងចំណាប់ខ្មាំង មុនពេលការសម្ពោធរបស់គាត់នៅថ្ងៃទី២០ ខែមករា។ សារព័ត៌មាន Channel 12 បានរាយការណ៍ថា Witkoff បានជំរុញឱ្យលោក Netanyahu ធានាថាភាគីទាំងពីរបង្ហាញពីភាពបត់បែនក្នុងការបញ្ចប់កិច្ចព្រមព្រៀងមួយ។
សូមបញ្ជាក់ថា៖ ជម្លោះដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែលបានសម្លាប់មនុស្សប្រហែល ១,២០០នាក់ និងបណ្តាលឱ្យមានការចាប់ខ្លួនចំណាប់ខ្មាំងប្រហែល ២៥០នាក់បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ។ អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សាបានរាយការណ៍កាលពីថ្ងៃអាទិត្យថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលបានកើនឡើងដល់ ៤៦,៥៦៥នាក់។