ប៉ូលីសថៃប្តេជ្ញាការពារសុវត្ថិភាពពលរដ្ឋចិន ដែលមកលេងប្រទេសរបស់ខ្លួន
បាងកក៖ មន្ត្រីជាន់ខ្ពស់មួយរូបបានឲ្យដឹងថា ប៉ូលីសថៃនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីការពារ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងព្យាយាមអស់ពីសមត្ថភាពដើម្បីការពារសុវត្ថិភាព និងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិនដែលមកលេងប្រទេសថៃ។
អគ្គអធិការជាន់ខ្ពស់របស់ប្រទេសថៃ លោក Thatchai Pitaneelaboot បានធ្វើការកត់សម្គាល់នេះ ក្នុងជំនួបជាមួយលោក Wu Zhiwu រដ្ឋមន្ត្រីនៃស្ថានទូតចិនប្រចាំប្រទេសថៃ កាលពីថ្ងៃអាទិត្យ ខណៈដែលកំពុងធ្វើសេចក្តីសង្ខេបការងាររបស់ប៉ូលីសថៃ ទាក់ទងនឹងករណីបាត់ពលរដ្ឋចិន។
លោក Wu បានសម្តែងការកោតសរសើរចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ប្រទេសថៃក្នុងការធានាសុវត្ថិភាពរបស់ពលរដ្ឋចិន។ ភាគីទាំងពីរក៏បានចូលរួមក្នុងការពិភាក្សាលម្អិតអំពីមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការក្លែងបន្លំតាមទូរគមនាគមន៍ និងការជួញដូរមនុស្សជាដើម។
ពលរដ្ឋចិនម្នាក់ដែលមាននាមត្រកូល Wang បានចាកចេញពីប្រទេសថៃទៅកាន់ប្រទេសចិនកាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីប្រទេសទាំងពីរ នេះបើយោងតាមការបញ្ជាក់ដោយស្ថានទូតចិនប្រចាំប្រទេសថៃ។
ស្ថានទូតចិនបានសម្តែងការដឹងគុណរបស់ខ្លួនចំពោះរដ្ឋាភិបាលថៃដែលបានផ្តល់អាទិភាពដល់ករណីរបស់លោក Wang ដែលបណ្តាលមកពីការក្លែងបន្លំតាមអ៊ីនធឺណិត និងសម្រាប់ការបើកប្រតិបត្តិការសង្គ្រោះភ្លាមៗដែលធានាបាននូវការវិលត្រឡប់របស់គាត់ដោយសុវត្ថិភាព។
ស្ថានទូតចិន និងស្ថានកុងស៊ុលចិនប្រចាំប្រទេសថៃ នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលថៃ និងនាយកដ្ឋានពាក់ព័ន្ធផ្សេងទៀត ដើម្បីការពារសុវត្ថិភាព និងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិនដែលមកទស្សនាប្រទេសថៃ។