ប្រតិភូសន្តិសុខជាន់ខ្ពស់អ៊ីស្រាអែល ទៅដល់ប្រទេសកាតា សម្រាប់កិច្ចពិភាក្សាពីចំណាប់ខ្មាំង និងកិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា
ដូហា៖ អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានឱ្យដឹងថា គណៈប្រតិភូសន្តិសុខជាន់ខ្ពស់អ៉ីស្រាអែល បានទៅដល់ប្រទេសកាតាហើយ សម្រាប់កិច្ចពិភាក្សាស្តីពីចំណាប់ខ្មាំង និងកិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ ២០២៥។
គណៈប្រតិភូមួយក្រុមនេះ រួមមានប្រធានទីភ្នាក់ចារកម្ម Mossad លោក David Barnea ប្រធានសេវាសន្តិសុខក្នុងស្រុក Shin Bet របស់អ៉ីស្រាអែល លោក Ronen Bar និងប្រធានក្រុមយោធាទទួលបន្ទុកបញ្ហាចំណាប់ខ្មាំង លោក Nitzan Alon។
កាតា និងដៃគូសម្របសម្រួលរបស់ខ្លួន គឺអេហ្ស៉ីប សហរដ្ឋអាមេរិក កំពុងប្រឹងប្រែងជាថ្មីដើម្បីឈានដល់កិច្ចព្រមព្រៀង បញ្ចប់ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំង ៩៨នាក់ ដែលស្ថិតក្នុងដៃក្រុមហាម៉ាស មុនពេលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងនាថ្ងៃទី២០ ខែមករា។ លោក Steve Witkoff ដែលជាបេសកជនកិច្ចការមជ្ឈិមបូព៌ារបស់លោក ត្រាំ កាលពីចុងសប្តាហ៍កន្លងទៅ ក៏បានជួបលោក Netanyahu បន្ទាប់ពីជួបនាយករដ្ឋមន្រ្តីកាតា លោក Sheikh Mohammed bin Abdulrahman Al Thani ផងដែរ។
គួរបញ្ជាក់ថា ថ្មីៗនេះ អ៉ីស្រាអែល និងប៉ាឡេស្ទីនទទួលស្គាល់ថា មានការរីកចម្រើនខ្លះក្នុងការចរចាដោយប្រយោល រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ប៉ុន្តែនៅមានជំហរតឹងរ៉ឹងលើបញ្ហាដែលត្រូវចរចាគ្នាទៀត៕