ក្រុមអ្នកការទូតកំពូលៗមកពីលោកខាងលិច និងក្នុងតំបន់ ចូលរួមកិច្ចពិភាក្សាស្តីពីស៉ីរី នៅអារ៉ាប៊ីសាអូឌីត
បរទេស៖ រដ្ឋមន្រ្តីការបរទេស និងអ្នកការទូតកំពូលៗមកពីប្រទេសលោកខាងលិច មជ្ឈិមបូព៌ា កំពុងជួបប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសស៉ីរីថ្មី នៅក្នុងទីក្រុងរីយាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាកិច្ចប្រជុំលើកដំបូងចាប់តាំងការដួលរលំនៃរបបលោក Bashar al-Assad។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានទៅដល់ទីក្រុងរីយាដ កាលពីថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) មុនពេលជួបរដ្ឋមន្ត្រីការបរទេសស៉ីរី លោក Asaad Hassan Al-Shibani។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy ក៏ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងជំនួបនោះដែរ។ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត និងអេហ្ស៉ីប អេមីរ៉ាត់អារ៉ាប់រួម កាតា បារ៉ែន អ៉ីរ៉ាក់ ហ្ស៊កដានី លីបង់ តួកគី សុទ្ធតែស្ថិតនៅក្នុងទីក្រុងរីយ៉ាដ បូករួមទាំងបេសកជនមកពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
កិច្ចពិភាក្សាដឹកនាំដោយអារ៉ាប់នេះ គឺផ្តោតលើជំហានបន្ទាប់ដែលសហគមន៍អន្តរជាតិអាចអនុវត្ត ដើម្បីគាំទ្រអាជ្ញាធរបណ្តោះអាសន្នស៉ីរី រួមទាំងយន្តការធ្វើឱ្យរបបលោក Bashar al-Assad ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្រ្គាម ដែលត្រូវបានប្រព្រឹត្តប្រឆាំងនឹងប្រជាជនស៉ីរី។ វាបានកើតឡើងនៅពេលដែលរដ្ឋបាលស៉ីរីថ្មី ជំរុញឱ្យលោកខាងលិចដកទណ្ឌកម្ម ដើម្បីអនុញ្ញាតដល់លំហូរមូលនិធិអន្តរជាតិ មកកាន់ទីក្រុងដាម៉ាស។