ស្វែងយល់ពីរឿងត្រូវធ្វើ និងមិនត្រូវធ្វើ ពេលទៅសួរសុខទុក្ខអ្នកជាប់ឃុំ!
ភ្នំពេញ៖ តាមច្បាប់ស្ដីពី ពន្ធនាគារ ជនជាប់ឃុំ សំដៅដល់ជនត្រូវចោទ ឬជនជាប់ចោទ ឬពិរុទ្ធជន ឬទណ្ឌិតដែលត្រូវបានបញ្ជូនមកឃុំខ្លួននៅក្នុងពន្ធនាគារ តាមលិខិតឃុំខ្លួនចេញដោយអាជ្ញាធរតុលាការ។ ជនជាប់ឃុំ ត្រូវបានអនុញ្ញាតឱ្យគ្រួសារ ឬញាតិមិត្តមកសួរសុខទុក្ខតាមការកំណត់ លើកលែងតែមានការហាមឃាត់ពីអាជ្ញាធរតុលាការ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
កន្លងមក មានសាធារជនមួយចំនួនបានស្នើសុំក្រុមព័ត៌មាន ជួយបញ្ជាក់អំពីករណីសួរសុខទុក្ខអ្នកជាប់ឃុំ ជាពិសេសត្រង់ចំណុចត្រូវធ្វើ ឬមិនត្រូវធ្វើ ដើម្បីម្យ៉ាងចៀសផុតពីកំហុសឆ្គង និងម្យ៉ាងដើម្បីឱ្យសសាធារណជនផ្សេងទៀតបានដឹង ដោយសារពួកគាត់ត្រូវធ្វើដំណើរឡើងចុះ ជិតឆ្ងាយមកសួរសុខទុក្ខសាច់ញាតិក្នុងពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ និងនៅពេលពួកគាត់ចង់ផ្ញើរបស់របរផ្សេងៗជាដើម។
លោកបណ្ឌិត ទូច សុឃៈ ថ្លែងថា អ្នកសួរសុខទុក្ខជនជាប់ឃុំ មិនត្រូវយកវត្ថុ ឬសម្ភារៈហាមឃាត់ ដូចជាអាវុធ គ្រឿងញៀន និងគ្រឿងស្រវឹង ជាដើម ចូលពន្ធនាគារឡើយ ដោយចំណុចហាមឃាត់នេះ មានលម្អិតក្នុងបទបញ្ជាផ្ទៃក្នុងពន្ធនាគារ។ ក្នុងករណីមានឧប្បត្តិហេតុចៃដន្យកើតឡើង អ្នកសួរសុខទុក្ខជនជាប់ឃុំ អាចត្រូវបានហាមឃាត់ ឬបញ្ឈប់ ឬឱ្យចេញជាបណ្ដោះអាសន្នពីពន្ធនាគារ ហើយក្នុងករណីអ្នកសួរសុខទុក្ខជនជាប់ឃុំធ្វើសកម្មភាពនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សន្និសុខ សុវត្ថិភាពពន្ធនាគារ ត្រូវឃាត់ខ្លួននិងចាត់វិធានការតាមផ្លូវច្បាប់។
ដោយឡែក សម្រាប់ការសួរសុខទុក្ខអ្នកជាប់ឃុំជាជនបរទេស លោកបណ្ឌិត ទូច សុឃៈ បានលើកយក មាត្រា៥៦នៃច្បាប់ស្ដីពីពន្ធនាគារ មកបញ្ជាក់ថា សម្រាប់មន្រ្តីស្ថានទូត ឬកុងស៊ុល ឬស្ថានតំណាងដែលមានបំណងចូលជួបសួរសុខទុក្ខជន ជាប់ឃុំជាពលរដ្ឋរបស់ខ្លួន ឬពលរដ្ឋខ្លួនដែលធ្វើជាតំណាង ត្រូវជូនដំណឹងជាមុនទៅអគ្គនាយកដ្ឋានពន្ធនាគារ។ ដោយឡែកសម្រាប់គ្រួសារ ឬញាតិមិត្តជាជនបរទេសដែលមានបំណងចូលជួបសួរសុខទុក្ខត្រូវស្នើមកអគ្គនាយកដ្ឋានពន្ធនាគារ តាមរយៈស្ថានទូត ឬស្ថានកុងស៊ុល ឬស្ថានតំណាងរបស់ខ្លួន។
សូមបញ្ជាក់ថា នៅកម្ពុជា ពន្ធនាគារទូទាំងប្រទេស ត្រូវបានគ្រប់គ្រងយ៉ាងល្អប្រសើរ។ សាច់ញាតិអ្នកជាប់ឃុំ ត្រូវបានមន្រ្តីពន្ធនាគារ សម្របសម្រួលឱ្យចូលសួរសុខទុក្ខញាតិមិត្តរបស់ខ្លួនតាមការអនុញ្ញាតរបស់ច្បាប់យ៉ាងមានរបៀបរៀបរយ ដោយធានាបានទាំងសិទ្ធិអ្នកជាប់ឃុំ និងសន្តិសុខក្នុងពន្ធនាគារ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្ថែមថា ពន្ធនាគារនៅកម្ពុជា មិនមែនជាកន្លែងធ្វើទារុណកម្មទេ ប៉ុន្តែជាកន្លែងអប់រំកែប្រែ និងផ្ដល់ចំណេះជំនាញវិជ្ជាជីវៈ ដោយមានកិច្ចសហការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីធានាថាអ្នកជាប់ឃុំនឹងក្លាយជាពលរដ្ឋល្អក្នុងសង្គម ក្រោយអនុវត្តទោសរួច៕