ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ក្នុងរយៈពេល១ឆ្នាំ តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសបានចាត់ការសំណុំរឿង សរុបចំនួន១៨៨,៩៤២
ភ្នំពេញ៖ ឯកឧត្ដម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា រយៈពេល១ឆ្នាំនៃយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលរៀបចំដោយក្រសួងយុត្តិធម៌ មានសំណុំរឿងចំនួន ១៨៨,៩៤២ ស្មើនឹង ៨២,៤១% ត្រូវបានបិទបញ្ចប់។
ឯកឧត្ដម កេង សុម៉ារិទ្ធ បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលរយៈពេល១ឆ្នាំនៃយុទ្ធនាការជំរុញ និងពន្លឿនរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ» នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។
ឯកឧត្ដម កេង សុម៉ារិទ្ធ ឱ្យដឹងថា” ក្នុងរយៈពេល១ឆ្នាំនេះ តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសបានចាត់ការសំណុំរឿង ទាំងសំណុំរឿងព្រហ្មទណ្ឌ ទាំងសំណុំរឿងរដ្ឋប្បវេណី និងសំណុំរឿងក្តីដទៃទៀត បានចំនួន ១៨៨ ៩៤២ ស្មើនឹង ៨២,៤១% នៃសំណុំរឿងសរុបចំនួន ២២៩ ២៧២ ទាំងសំណុំរឿងដែលមានមុនពេលប្រកាសបើកយុទ្ធនាការ និងសំណុំរឿងដែលចូលថ្មី ក្រោយពេលប្រកាសបើកយុទ្ធនាការ”៕