ឯកឧត្ដម ជិន ម៉ាលីន៖ យុទ្ធនាការដើម្បីពង្រឹង និងលើកកម្ពស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានសំខាន់ចំនួន ៣
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលរយៈពេល១ឆ្នាំនៃយុទ្ធនាការជំរុញ និងពន្លឿនរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ» នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌ បានធ្វើការគូសបញ្ជាក់អំពី ចំណុចវិជ្ជមានចំនួន ៣ដែលកើតចេញពីការដាក់ចេញយុទ្ធនាការនេះ។
ឯកឧត្ដម ជិន ម៉ាលីន គូសបញ្ជាក់អំពី ចំណុចវិជ្ជមានចំនួន ៣ដែលកើតចេញពីការដាក់ចេញយុទ្ធនាការនេះរួមមាន៖
ទី១៖ ការផ្លាស់ប្ដូរការឥរិយាបថរបស់មន្ត្រីតុលាការ ដោយធ្វើការកាន់តែលឿន កាន់តែឆាប់រហ័ស ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។
ទី២៖ ការផ្លាស់ប្ដូរឥរិយាបថ ផ្នត់គំនិត និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋមានកោតសរសើរទៅដល់តុលាការ និងថ្លែងអំណរគុណទៅកាន់តុលាការ ចំណុចនេះមិនធ្លាប់មានពីមុនមកនោះទេ។
ទី៣៖ ក្រោយពីបើកច្រកមួយយ៉ាងទូលាយសម្រាប់ប្រជាពលរដ្ឋ តុលាការសង្កេតឃើញថា ពីមុនបណ្ដឹងច្រើន ដោយឡែកបច្ចុប្បន្ននេះមានការថយចុះជាបន្តបន្ទាប់។
សូមបញ្ជាក់ថា បើតាមឯកឧត្ដម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឱ្យដឹងថា រយៈពេល១ឆ្នាំនៃយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលរៀបចំដោយក្រសួងយុត្តិធម៌ មានសំណុំរឿងចំនួន ១៨៨,៩៤២ ស្មើនឹង ៨២,៤១% ត្រូវបានបិទបញ្ចប់ ដោយទទួលលទ្ធផលលើសពីការរំពឹងទុក និងគួរជាទីមោទនៈ៕