ថៃអនុម័តសេចក្តីព្រាងច្បាប់ដែលធ្វើឱ្យល្បែងស៊ីសង និងកាស៊ីណូស្របច្បាប់ ក្នុងគោលបំណងជំរុញទេសចរណ៍ ការងារ និងការវិនិយោគ
បាងកក៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់នៅថ្ងៃចន្ទទី១៣ ខែមករាថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃបានអនុម័តសេចក្តីព្រាងច្បាប់ដែលធ្វើឱ្យល្បែងស៊ីសង និងកាស៊ីណូស្របច្បាប់ ក្នុងគោលបំណងជំរុញទេសចរណ៍ ការងារ និងការវិនិយោគ។
នៅក្រោមផែនការរបស់រាជរដ្ឋាភិបាល ច្បាប់នេះនឹងត្រូវបញ្ជូនទៅសភាដើម្បីពិចារណា ដោយល្បែងស៊ីសងនឹងលេចឡើងនៅក្នុងកន្លែងកម្សាន្តទ្រង់ទ្រាយធំ។ ទោះបីជាកាស៊ីណូ និងល្បែងស៊ីសងប្រភេទផ្សេងទៀតភាគច្រើនត្រូវបានហាមឃាត់នៅក្នុងប្រទេសថៃក៏ដោយ ក៏នៅតែមានសកម្មភាពល្បែងស៊ីសងដូចជាការចាក់បាល់ និងល្បែងស៊ីសងផ្សេងទៀត រួមទាំងឆ្នោត។ មានតែការលេងល្បែងស៊ីសងមួយចំនួនប៉ុណ្ណោះដែលត្រូវបានអនុញ្ញាត ដូចជាការប្រណាំងសេះដែលគ្រប់គ្រងដោយរដ្ឋ និងឆ្នោតផ្លូវការ។ ប្រទេសជិតខាងដូចជា កម្ពុជា សិង្ហបុរី ហ្វីលីពីន ឡាវ និងមីយ៉ាន់ម៉ា បានទទួលផលប្រយោជន៍ពីកាស៊ីណូធំៗ ហើយរាជរដ្ឋាភិបាលថៃបានអះអាងថា អវត្តមានកាស៊ីណូស្របច្បាប់មានន័យថា ខ្លួនកំពុងខាតបង់ប្រាក់ចំណូល និងមិនឈានដល់សក្តានុពលទេសចរណ៍របស់ខ្លួន។ វិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ ហើយប្រទេសថៃកំពុងព្យាករណ៍ចំនួនភ្ញៀវទេសចរកំណត់ត្រាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
លោកស្រី ផែថងថាន បានប្រាប់អ្នកយកព័ត៌មានថា៖ «ការធ្វើឱ្យកាស៊ីណូស្របច្បាប់នឹងការពារសាធារណជន ហើយនឹងបង្កើតចំណូលរដ្ឋបន្ថែមទៀត»។
រាជរដ្ឋាភិបាលថៃបានព្យាយាមធ្វើឱ្យស្របច្បាប់ និងគ្រប់គ្រងការលេងល្បែងស៊ីសង ទាញប្រយោជន៍សម្រាប់សេដ្ឋកិច្ច ប៉ុន្តែការប៉ុនប៉ងនេះត្រូវប្រឈមនឹងការរុញច្រានប្រឆាំងពីក្រុមអ្នកអភិរក្សនិយម។
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ជូឡាពុន អម្នវីវ៉ាត់ (Julapun Amornvivat) បានលើកឡើងថា ចំណាត់ការចុងក្រោយបង្អស់នេះ អាចធ្វើឱ្យចំនួនភ្ញៀវបរទេសកើនឡើងពី៥ ភាគរយ ទៅ១០ ភាគរយ ហើយប្រាក់ចំណូលពីទេសចរណ៍កើនឡើងប្រហែល៣,៤៥ ពាន់លានដុល្លារដល់ ៦,៣២ពាន់លានដុល្លារ។
លោកបានបន្ថែមថា ការងារថ្មីប្រហែល៩០០០ ទៅ ១៥០០០កន្លែងនឹងត្រូវបានបង្កើត។ អ្នកតស៊ូមតិដ៏សំខាន់ក្នុងការធ្វើឱ្យល្បែងស៊ីសងស្របច្បាប់គឺមហាសេដ្ឋីអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឪពុករបស់លោកស្រី ផែថងថាន ដែលជាឥស្សរជនមានឥទ្ធិពលនៅក្នុងបក្សកាន់អំណាច៕