លោក ដូណាល់ ត្រាំថា លោកនឹងជួបលោក វ្ល៉ាឌីមៀ ពូទីន យ៉ាងលឿនបំផុត បន្ទាប់ពីលោកចូលកាន់តំណែងជាផ្លូវការនៅសប្ដាហ៍ក្រោយ
Reuters៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទ ទី១៣ ខែមករា ថាលោកនឹងជួបប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន យ៉ាងលឿនបំផុត បន្ទាប់ពី លោកចូលកាន់តំណែងជាផ្លូវការនៅសប្ដាហ៍ក្រោយ។
លោក ត្រាំ មិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទនៃជំនួបរវាងរូបលោក និងលោក ពូទីនឡើយ។ តែប្រសិនបើជំនួបបែបនេះកើតឡើងពិតមែន នោះវានឹងក្លាយជាជំនួបលើកដំបូងបំផុតរវាងមេដឹកនាំប្រទេសទាំង២ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។
នៅពេលត្រូវបានសាកសួរអំពីយុទ្ធសាស្ត្ររបស់លោកដើម្បីបិទបញ្ចប់សង្រ្គាម លោក ត្រាំ បានប្រព័ន្ធផ្សព្វផ្សាយ Newsmax ថា «ជាការពិតណាស់ វាមានយុទ្ធសាស្ត្រតែមួយគត់ ហើយវាគឺអាស្រ័យលើលោក ពូទីន»។
លោក ត្រាំ បន្តថា «ខ្ញុំដឹងថាគាត់ចង់ជួបខ្ញុំ ហើយខ្ញុំក៏នឹងជួបគាត់យ៉ាងលឿនបំផុតផងដែរ ក្រោយចូលកាន់តំណែង»។
គួរបញ្ជាក់ថា សមាជិកសភាអាមេរិក លោក Mike Waltz ដែលនឹងត្រូវក្លាយជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក របស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្ហើបឱ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ថា លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក ហើយនិង ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ត្រូវបានរំពឹងថា នឹងជជែកគ្នាតាមទូរស័ព្ទ ក្នុងពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ខាងមុខនេះ៕