ក្រុមអ្នកចរចានឹងត្រូវជួបប្រជុំគ្នា នៅកាតា ដើម្បីបង្ហើយសេចក្ដីលម្អិតនៃផែនការមួយដើម្បីបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា
ដូហា៖ ក្រុមអ្នកចរចានឹងត្រូវជួបប្រជុំគ្នា នៅក្នុងទីក្រុងដូហា ប្រទេសកាតា នាថ្ងៃអង្គារ ទី១៤ ខែមករានេះ ដើម្បីបង្ហើយសេចក្ដីលម្អិតនៃផែនការមួយដើម្បីបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ជិតសម្រេចបានជាលទ្ធផលផ្លែផ្កា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមអ្នកចរចា បានផ្ដល់ឱ្យអ៉ីស្រាអែល និងក្រុមហាម៉ាស នូវសេចក្ដីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងមួយកាលពីថ្ងៃចន្ទ ក្រោយកិច្ចចរចាដែលមានការចូលរួមទាំងពីបេសកជនពិសេសរបស់លោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។
«កិច្ចព្រមព្រៀង នឹងដោះលែងចំណាប់ខ្មាំង បញ្ឈប់ការវាយប្រយុទ្ធគ្នា ធានាសន្តិសុខដល់អ៉ីស្រាអែល និងអនុញ្ញាតឱ្យពួកយើងបង្កើនលំហូរជំនួយមនុស្សធម៌ទៅកាន់ប្រជាជន ប៉ាឡេស្ទីន ដែលរងការឈឺចាប់នៅក្នុងសង្រ្គាមនេះដែលហាម៉ាសជាអ្នកចាប់ផ្ដើម»។ នេះជាការគូសបញ្ជាក់របស់លោក បៃដិន ក្នុងសុន្ទរកថាមួយស្ដីពីសមិទ្ធផលនៃគោលនយោបាយការបរទេសដែលលោកសម្រេចបាន។
គួរបញ្ជាក់ថា ប្រសិនបើជោគជ័យពិតមែន កិច្ចព្រមព្រៀងបទឈប់បាញ់នឹងនាំទៅរកការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលនៅសេសសល់ដែលកំពុងជាប់ឃុំនៅក្នុងតំបន់ហ្កាហ្សា ខណៈបើតាមក្រុមមន្ត្រីអ៉ីស្រាអែល នៅមាន ចំណាប់ខ្មាំង ៩៨នាក់ទៀតកំពុងស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស៕